ពិធីបញ្ចុះសពអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong
(VOVWORLD) - ពិធីបញ្ចុះសពអគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ត្រូវបានរៀបចំឡើងយ៉ាងឱឡារិក នាវេលាម៉ោង ១៥:០០ រសៀលថ្ងៃទី ២៦ ខែកក្កដា នៅឈាបនដ្ឋាន Mai Dich នៃទីក្រុងហាណូយ។
ពិធីបញ្ចុះសពលោកអគ្គលេខាបក្ស Nguyen Phu Trong នៅឈាបនដ្ឋាន Mai Dich
(រូបថត៖ TTXVN) |
អញ្ជើញចូលរួមពិធីបញ្ចុះសពលោកអគ្គលេខាបក្ស Nguyen Phu Trong មានប្រធានរដ្ឋលោក To Lam នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Tran Thanh Man ភ្ញៀវកិត្តិយសអន្តរជាតិ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងតំណាង ស្ថាប័ន អង្គការ និងមូលដ្ឋាននានា។
ពិធីបញ្ចុះសពបានចាប់ផ្ដើមនៅវេលាម៉ោង ១៥:០០ រសៀល នៅចំពោះមុខថ្នាក់ដឹកនាំបក្ស រដ្ឋ និងក្រុមគ្រួសារលោកអគ្គលេខាបក្ស។ លោកជំទាវភរិយា ក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស រួមជាមួយនឹងថ្នាក់ដឹកនាំបក្ស និងរដ្ឋបានដាក់ផ្កានិងដីមួយក្តាប់ដៃចូលទៅក្នុងផ្នូរ។
បន្ទាប់ពីពិធីបិទផ្នូរ កម្រងផ្កាស្រស់ៗត្រូវបានក្រុមទ័ពកិត្តិយសដាក់លើផ្នូរ។ ក្រុមគ្រួសារ និងគណៈប្រតិភូទាំងអស់ ដែលមានវត្តមាននៅឈាបនដ្ឋាន Mai Dich បានធ្វើការស្មឹងស្មាធមួយនាទី ដើម្បីរំលឹកដល់លោកអគ្គលេខាបក្ស Nguyen Phu Trong។
សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក Luong Cuong ប្រធានគណៈកម្មាធិការរៀបចំបុណ្យសពបានថ្លែងនៅពិធី។ (រូបថត៖ TTXVN) |
ថ្លែងមតិបន្ទាប់ពីពិធីបញ្ចុះសព សមាជិកការិយាល័យនយោបាយ សមាជិក អចិន្ត្រៃយ៍នៃគណៈលេខា លោក Luong Cuong ប្រធានគណៈកម្មាធិការរៀបចំបុណ្យសពបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈប្រតិ ភូ ភ្ញៀវកិត្តិយស ជនរួមជាតិ អង្គភាពកងកម្លាំងប្រដាប់អាវុធ បញ្ញវន្ត អ្នកមុខអ្នកការសាសនា អង្គទូត ថ្នាក់ដឹកនាំបណ្ដាប្រទេស អង្គការនិងមិត្តភក្តិអន្តរជាតិបានមកគោរពវិញ្ញាណក្ខ័ន្ធ ផ្ញើកម្រងផ្កា សារចូលរួមរំលែកទុក្ខ ចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធ ពិធីបញ្ចុះសពនិងជូនដំណើរលោកអគ្គលេខាបក្ស Nguyen Phu Trong ទៅកាន់កន្លែងសម្រាកចុងក្រោយ។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ភ្ញៀវអន្តរជាតិ និងក្រុមគ្រួសារលោកអគ្គលេខាបក្ស បានអុជធូបនិងដើរជុំវិញផ្នូរដើម្បីជម្រាបលាលោកអគ្គលេខាបក្ស Nguyen Phu Trong ដែលជាយុទ្ធជនកុម្មុយនិស្ត ថ្នាក់ដឹកនាំឈ្លាសវៃ កុលបុត្រឆ្នើមរបស់ប្រជាជាតិវៀតណាម។ មនុស្សជាច្រើនទប់ទឹកភ្នែកមិនបាន ក្នុងវេលាចុងក្រោយជូនដំណើរលោកអគ្គលេខាបក្ស Nguyen Phu Trong៕