ពិធីបុណ្យ “សួស្តីវៀតណាម - Namaste Vietnam Festival ២០២២”
(VOVWORLD) - ពិធីបុណ្យ “សួស្តីវៀតណាម - Namaste Vietnam Festival ២០២២” ដែលរៀបចំឡើងដោយស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញ បានបើកនាយប់ថ្ងៃទី ១៣ ខែសីហា នៅ វិសាលដ្ឋាន Thong Nhat ទីក្រុងហូជីមិញ។
ពិធីអុជធូបបើកពិធីបុណ្យ“សួស្តីវៀតណាម - Namaste Vietnam Festival ២០២២”។ រូបថត៖ Thanh Vu/TTXVN |
ព្រឹត្តិការណ៍នេះ ក៏បានប្រព្រឹត្តទៅក្នុងពេលតែមួយនៅខេត្ត Khanh Hoa ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២ ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ អប់រំ បច្ចេកវិទ្យាព័ត៌មាន ទេសចរណ៍ សុខាភិបាលរវាងមូលដ្ឋាននៃប្រទេសទាំងពីរ ក៏ដូចជារវាងប្រទេសទាំងពីរ។
ថ្លែងមតិនៅក្នុងពិធីបើក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅវៀតណាមលោក Pranay Verma បានសង្កត់ធ្ងន់ថា ពិធីបុណ្យនេះសំដៅអនុវត្តន៍គោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់រដ្ឋាភិបាលឥណ្ឌា ដែលក្នុងនោះវៀតណាមដើរតួនាទីយ៉ាងសំខាន់ណាស់។ នេះក៏ជាឱកាសដើម្បីតភ្ជាប់ ផ្លាស់ប្តូរវប្បធម៌ ជំរុញពាណិជ្ជកម្ម និងវិនិយោគ ក្នុងនោះ ជើងហោះហើរត្រង់រវាងវៀតណាម - ឥណ្ឌានឹងនាំមកនូវការតភ្ជាប់លើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរវៀតណាម និងឥណ្ឌា។
តាងនាមថ្នាក់ដឹកនាំទីក្រុងហូជីមិញ លោក Tran Phuoc Anh ប្រធានមន្ទីរកិច្ចការបរទេសទីក្រុងហូជីមិញបានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមនៃពិធីបុណ្យ “សួស្តីវៀតណាម - Namaste Vietnam Festival ២០២២”។ ទន្ទឹមនឹងនោះ លោកជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដោយរួមចំណែកជំរុញទំនាក់ទំនងការទូតរវាងមូលដ្ឋាននៃប្រទេសទាំងពីរ ក៏ដូចជារវាងវៀតណាមនិងឥណ្ឌាកាន់តែអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី៕