ពិធីបុណ្យសពលោកនាយឧត្តមសេនីយ៍ Phung Quang Thanh អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានរៀបចំឡើងយ៉ាងមហោឡារិក
(VOVWORLD) - ប្រធានរដ្ឋលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រួមទាំងប្រតិភូជាតិ និងអន្តរជាតិជាច្រើន បានអញ្ជើញចូលគោរពវិញានក្ខ័ន្ធសពលោក នាយឧត្តមសេនីយ៍ Phung Quang Thanh។
ពិធីបុណ្យសពលោកនាយឧត្តមសេនីយ៍ Phung Quang Thanh អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានរៀបចំឡើងយ៉ាងមហោឡារិក (រូបថត៖ qdnd.vn) |
នាថ្ងៃទី ១៥ ខែកញ្ញា នៅអាគារៀបចំបុណ្យសពជាតិ លេខ ៥ Tran Thanh Tong ទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម និងគ្រួសារសពបានរៀបចំយ៉ាងមហោឡារិកពិធីគោរពវិញ្ញានខ័ន្ធ លោកនាយឧត្តមសេនីយ៍ Phung Quang Thanh អតីតសមាជិកការិយាល័យនយោបាយ អតីតលេខារងគណៈកម្មាធិការយោធាមជ្ឈឹម អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម តាមពិធីបុណ្យសពថ្នាក់ជាតិ។
ប្រធានរដ្ឋលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រួមទាំងប្រតិភូជាតិ និងអន្តរជាតិជាច្រើន បានអញ្ជើញចូលគោរពវិញានក្ខ័ន្ធសពលោក នាយឧត្តមសេនីយ៍ Phung Quang Thanh។
អញ្ជើញសរសេរនៅលើសៀវភៅក្រាំងមាសមរណទុក្ខ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអះអាងថា ដោយមានអាយុបក្សជាង ៥៣ ឆ្នាំ លោកនាយឧត្តមសេនីយ៍ Phung Quang Thanh បានបូជាជីវិតទាំងមូលរបស់ខ្លួនជូនបុព្វហេតុបដិវត្តន៍របស់បក្ស របស់ប្រជាជាតិ ហើយជាគំរូ “ កងទ័ពលោអ៊ុំហូ”ដ៏ឆ្នើមមួយរូប យុទ្ធជនកុម្មុយនិស្តដ៏អង់អាចក្លាយហាន និងជាសមាមិត្ត មេបញ្ជាការដ៏ចំណាន ឈ្លាសវាងវៃមួយរូប។
ចំណែកលោក នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា លោក នាយឧត្តមសេនីយ៍ Phung Quang Thanh មានគុណូបការៈរួមចំណែកយ៉ាងធំធេងសម្រាប់បុព្វហេតុកសាង និងការពារមាតុភូមិវៀតណាមសង្គមនិយម។
នាវេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃដដែល ពិធីរំលឹកវិញ្ញានខ័ន្ធសពលោក នាយឧត្តមសេនីយ៍ Phung Quang Thanh បានប្រារព្វយ៉ាងមហោឡារិកនៅ អាគារៀបចំបុណ្យសពជាតិ។ ពិធីបញ្ចុះសពបានប្រព្រឹត្តទៅវេលាម៉ោង១៥ និង ៣០ នាទី នាថ្ងៃដដេល នៅឈាបនដ្ឋានឃុំ Thach Da ស្រុក Me Linh ទីក្រុងហាណូយផងដែរ៕