ពិធីប្រគល់មេដាយ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្តាប្រជាជាតិ” ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម
Viet Hung -  
(VOVWORLD) - នេះគឺជាពានរង្វាន់ខ្ពង់ខ្ពស់បំផុតរបស់ VUFO ដើម្បីគោរពចំពោះការរួមចំណែកដ៏មានតម្លៃរបស់លោកឯកអគ្គរាជទូត ចាយ ណាវុធ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជនវៀតណាម និងកម្ពុជា។
ប្រធានសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga អញ្ជើញប្រគល់មេដាយ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្តាប្រជាជាតិនានា” ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ចាយ ណាវុធ៖ រូបថត/ប្រភព VOV5 |
នារសៀលថ្ងៃទី ១១ មករា នៅទីក្រុងហាណូយ ប្រធានសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga បានប្រគល់មេដាយ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្តាប្រជាជាតិ” ជូនចំពោះឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ចាយ ណាវុធ។ នេះគឺជាពានរង្វាន់ខ្ពង់ខ្ពស់បំផុតរបស់ VUFO ដើម្បីគោរពចំពោះការរួមចំណែកដ៏មានតម្លៃរបស់លោកឯកអគ្គរាជទូត ចាយ ណាវុធ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជនវៀតណាម និងកម្ពុជា។
ថ្លែងមតិក្នុងពិធីនេះ ប្រធាន VUFO បានចាត់ទុកថា លោកឯកអគ្គរាជទូត ចាយ ណាវុធ គឺជាមិត្តជិតស្និទ្ធរបស់វៀតណាម។ ក្នុងអំឡុងពេលបំពេញអាណត្តិដំបូងនៅវៀតណាមក្នុងនាមជាឯកអគ្គរាជទូត ជាមួយនឹងការខិតខំប្រឹងប្រែងមិនចេះ នឿយហត់ និងសកម្មភាពជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព លោកឯកអគ្គរាជទូតបានរួមចំណែកជាវិជ្ជមានជាច្រើនចំពោះការអភិវឌ្ឍន៍ដ៏ខ្លាំងក្លាលើគ្រប់វិស័យក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
តំណាងដែលចូលរួមក្នុងពិធី (រូបថត៖ VOV5) |
“ទំនាក់ទំនងនយោបាយរវាងវៀតណាម និងកម្ពុជា បន្តត្រូវបានពង្រឹង និងពង្រីកជាមួយនឹងដំណើរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ ការពារជាតិ និងសន្តិសុខ ទទួលបានលទ្ធផលសំខាន់ៗជាច្រើន។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២២ ត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួនជាង ១២ ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះ ប្រទេសយើងទាំងពីរបានរៀបចំ "ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២២" ដោយជោគជ័យ ជាមួយនឹងសកម្មភាពដ៏សម្បូរបែប និងមានអត្ថន័យជាច្រើន ជាពិសេសគឺខួបលើកទី ៤៥ នៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន, ខួបលើកទី៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា ក៏ដូចជាការជួបប្រាស្រ័យមិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជនវៀតណាម - កម្ពុជា លើកទី ៥ នៅខេត្ត Binh Phuoc និងខេត្ត Dak Nong”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Nguyen Phuong Nga។
ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាមបានសម្តែងនូវជំនឿជាក់ថា នាពេលខាងមុខ ក្នុងតួនាទីថ្មី លោកឯកអគ្គរាជទូត ចាយ ណាវុធ នឹងបន្តផ្តការគាំទ្រដ៏មានតម្លៃដល់វៀតណាម បន្តរួមចំណែកពង្រឹងការអភិវឌ្ឍថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា។
ចំណែកឯកអគ្គរដ្ឋទូត លោក ចាយ ណាវុធ បានសម្តែងនូវកិត្តិយសដែលបានទទួលមេដាយ “ដើម្បីសន្តិភាព និងមិត្តភាពបណ្តាប្រជាជាតិ” ដោយ VUFO ផ្តល់ជូន និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ VUFO ក្នុងកិច្ចការបរទេសរវាងប្រជាជន និងប្រជាជន ជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម៕
Viet Hung