ពន្លឿនការតភ្ជាប់ជើងហោះហើរត្រង់ រវាងទីក្រុង Da Nang និងកម្ពុជា
(VOVWORLD) - ទីក្រុង Da Nang មានបំណងចង់ឱ្យព្រឹទ្ធសភាកម្ពុជា និងឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀតណាម យកចិត្តទុកដាក់ និងគាំទ្រក្នុងការតភ្ជាប់ និងពន្លឿនការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង Da Nang មកកាន់កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម ការធ្វើដំណើរ។
អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុង Da Nang លោក Luong Nguyen Minh Triet ទទួលជួបជាមួយលោកជំទាវ មាន សំអាន ។ (Văn Dũng/TTXVN) |
នាព្រឹកថ្ងៃទី ២៦ ខែធ្នូ ក្នុងជំនួបជាមួយលោកជំទាវ មានសំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-វៀតណាមនៃព្រឹទ្ធសភាកម្ពុជា បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅទីក្រុង Da Nang អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុង Da Nang លោក Luong Nguyen Minh Triet បានអះអាងថា ទីក្រុងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននិងដៃគូនានានៅកម្ពុជា។ នាបច្ចុប្បន្ន ទីក្រុង Da Nang បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្តបាត់ដំបង (ឆ្នាំ ២០១២) ហើយភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាទៀងទាត់ និងអនុវត្តកម្មវិធីសហប្រតិបត្តិការដ៏មានអត្ថន័យជាច្រើន។ ក្នុងនោះ ជើងហោះហើរត្រង់ Da Nang - សៀមរាប ដែលបានដំណើរការមុនឆ្នាំ ២០២០ បានរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុង Da Nang និងដៃគូកម្ពុជាលើវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ។ បច្ចុប្បន្ន ទីក្រុងបានដំណើរការឡើងវិញនូវជើងហោះហើរអន្តរជាតិចំនួន ៧។ ដូច្នេះ ទីក្រុងមានបំណងចង់ឱ្យព្រឹទ្ធសភាកម្ពុជា និងឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀតណាម យកចិត្តទុកដាក់ និងគាំទ្រក្នុងការតភ្ជាប់ និងពន្លឿនការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង Da Nang មកកាន់កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម ការធ្វើដំណើរជាដើម។
លោកជំទាវ មាន សំអាន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានបើកទ្វារឡើងវិញយ៉ាងពេញលេញនៅចុងឆ្នាំ ២០២១ កំពុងងើបឡើងវិញ និងអភិវឌ្ឍសេដ្ឋកិច្ច; ហើយបានឯកភាព គាំទ្រដល់ការដំណើរការឡើងវិញនូវជើងហោះហើរត្រង់រវាងទីក្រុង Da Nang និងខេត្តសៀមរាប ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍រវាងប្រទេសទាំងពីរ៕