ពន្លឿនការបើកចំណាយទុនវិនិយោគសាធារណៈនិងអនុវត្តន៍កម្មវិធីគោលដៅជាតិចំនួន ៣
(VOVWORLD) -កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមទម្រង់ផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាលក្នុងរដ្ឋធានីហាណូយ ដោយរួមបញ្ចូលគ្នាតាមប្រព័ន្ធអ៊ីនធឺណែតដោយតភ្ជាប់បណ្តាញជាមួយខេត្ត និងទីក្រុងចំនួន ៦៣ នៅទូទាំងប្រទេស។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជាអធិបតីកិច្ចប្រជុំអនឡាញទូទាំងប្រទេសស្តីពីការជំរុញការបើកចំណាយទុនវិនិយោគសាធារណៈនិងអនុវត្តន៍កម្មវិធីគោលដៅជាតិចំនួន ៣
(រូបថត៖ VGP/Nhat Bac) |
នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញដឹកនាំសន្និសីទ អនឡាញទូទាំងប្រទេសស្តីពីការជំរុញការបើកចំណាយទុនវិនិយោគសាធារណៈ និងអនុវត្តន៍កម្មវិធីគោល ដៅជាតិ ចំនួន បី។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមទម្រង់ផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាលក្នុងរដ្ឋធានីហាណូយ ដោយរួមបញ្ចូលគ្នាតាមប្រព័ន្ធអ៊ីនធឺណែតដោយតភ្ជាប់បណ្តាញជាមួយខេត្ត និងទីក្រុងចំនួន ៦៣ នៅទូទាំងប្រទេស។
យោងតាមរបាយការណ៍នៅកិច្ចប្រជុំបានបង្ហាញថា ក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២២ ល្បឿននៃការបើកចំណាយទុនវិនិយោគសាធារណៈនៅតែយឺត ដោយសម្រេចបាន ៤៦,៧%តែប៉ុណ្ណោះ។ ទន្ទឹមជាមួយគ្នានោះ នៅមានចំណុចខ្វះខាត ការលំបាក និងឧបសគ្គជាច្រើន ហើយមិនទាន់ពង្រីកបានពេញលេញនូវតួនាទីកម្លាំងចលករដ៏សំខាន់នៃការវិនិយោគសាធារណៈ។
ថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យមានការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង និងវិធានការខ្លាំងក្លាថែមទៀត ដើម្បីអាចបំពេញភារកិច្ចបើកចំណាយទុនវិនិយោគសាធារណៈឆ្នាំ ២០២២ ក្នុងកម្រិតខ្ពស់បំផុត។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការវិនិយោគសាធារណៈនិងការអនុវត្តកម្មវិធីគោលដៅជាតិចំនួន ៣ ដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងវិស័យសេដ្ឋកិច្ច នយោបាយ សង្គម ការពារជាតិ និងសន្តិសុខ ដែលបង្កើតមូលដ្ឋានគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ ពីនោះ បង្កើតកម្លាំងចលករដ៏ធំធេងសម្រាប់ការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍប្រកបដោយចីរភាព រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលឆ្នាំ២០២២ បានដាក់ចេញ៕