ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ លើសពី ៤០០លានករណី
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometer.info បានឲ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ ចំនួនជាង ២លាននាក់ និងករណីស្លាប់មានចំនួនជាង ១០.៤០០នាក់។
ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់ប្រជាជននៅThessaloniki ប្រទេសក្រិក។ (រូបថត៖AFP/TTXVN) |
ចំនួនករណីឆ្លងជំងឺសរុបចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត រហូតមកដល់ពេលនេះ បានលើសពី ៤០០ លានករណី ដែលក្នុងនោះមានអ្នកជំងឺជាង ៥,៧៧លាននាក់បានស្លាប់។
ប្រទេសចំនួនបី ដែលមានចំនួនករណីឆ្លងជំងឺខ្ពស់បំផុតនៅលើពិភពលោកក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ គឺ អាល្លឺម៉ង់ ប្រេស៊ីល និងរុស្ស៊ី។ ក្នុងពេលជាមួយគ្នានោះ សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល គឺជាប្រទេសចំនួនបីដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ។ ជាទូទៅ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតមក សហរដ្ឋអាមេរិកបានកត់ត្រាចំនួនករណីឆ្លងកូវីដ-១៩ ច្រើនបំផុត ដោយមានអ្នកជំងឺជាង ៧៨,៤ លាននាក់ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។
បើគិតតាមតំបន់ ទ្វីបអឺរ៉ុបគឺជាតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយជំងឺរាតត្បាតកូវីដ-១៩ ដែលមានករណីឆ្លងជំងឺជាង ១៣៧,២លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួនជាង ១,៦ លាននាក់។ អាស៊ីជាប់ចំណាត់ថ្នាក់លេខ ២ អំពីចំនួនករណីឆ្លងជំងឺ៕