ពិភពលោកព្រួយបារម្ភពិសេសចំពោះរដ្ឋប្រហារនៅប្រទេសនីហ្សេ
(VOVWORLD) - បន្ទាប់ពីប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum ត្រូវបានកងទ័ពទម្លាក់ពីតំណែងកាលពីថ្ងៃទី ២៦ ខែកក្កដា ពិភពលោកបានសម្តែងការព្រួយបារម្ភអំពីរដ្ឋប្រហារនេះ។
នៅក្នុងសេចក្តីប្រកាសតាមទូរទស្សន៍ អ្នកនាំពាក្យកងទ័ពនីហ្សេ លោក Colonel Amadou Abdramane បានឲ្យដឹងថា កម្លាំងការពារជាតិនិងសន្តិសុខនៃក្រុមប្រឹក្សាជាតិការពារមាតុភូមិ(CLSP) បានចេញសេចក្តីសម្រេច បញ្ចប់រដ្ឋាភិបាលនីហ្សេ។ កងទ័ពបានអះអាងពីការគោរពរាល់កិច្ចសន្យាដែលប្រទេសនីហ្សេបានចុះហត្ថលេខា ហើយបានសន្យាប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្សទាំងអស់។
កងទ័ពនីហ្សេបានប្រកាសផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី Mohamed Bazoum នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃទី ២៦ ខែកក្កដា។ រូបថត៖ Reuters |
ក្នុងពេលជាមួយគ្នានោះ ព្រំដែនគោកនិងអាកាសរបស់ប្រទេសនីហ្សេត្រូវបានបិទទ្វា។ ចាប់ពីវេលាម៉ោង ១០ យប់ ដល់ម៉ោង ៥ ព្រឹក ជារៀងរាល់ថ្ងៃ អគ្គីសនីត្រូវបានកាត់ផ្តាច់នៅទូទាំងប្រទេស។ កងទ័ពនីហ្សេក៏បានព្រមានថា នឹងប្រឆាំងរាល់ការធ្វើអន្តរាគមន៍ពីបរទេសណាមួយផងដែរ។
ប្រតិកម្មនឹងការវិវឌ្ឍនៅក្នុងប្រទេសនីហ្សេ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងដណ្តើមរដ្ឋអំណាចដោយកម្លាំង និងបំផ្លិចបំផ្លាញអភិបាលកិច្ចប្រជាធិបតេយ្យ សន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសនីហ្សេ។ លោកបានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តការអត់ធ្មត់និងធានាការរក្សាសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ។ អង្គការសហប្រជាជាតិជានិច្ចកាលប្រកៀកស្មាជាមួយរដ្ឋាភិបាលនិងប្រជាជននីហ្សេ។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសម្តែងការគាំទ្ររបស់អាមេរិកចំពោះប្រធានាធិបតីនីហ្សេ ដោយអំពាវនាវឱ្យដោះលែងលោកជាបន្ទាន់។ អាមេរិកកំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលនីហ្សេ ក៏ដូចជាដៃគូក្នុងតំបន់និងពិភពលោកដើម្បីដោះស្រាយស្ថានការណ៍ដោយសមស្របនិងសន្តិភាព៕