ពិភពលោកសន្យាផ្តល់ថវិកាជិត ៨០០លានដុល្លារ ដើម្បីឆ្លើយតបនឹងជំងឺត្រូពិច នៅពេលដែលភពផែនដីឡើងកំដៅ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ - COP២៨ ដែលបានប្រព្រឹត្តទៅនៅទីក្រុងឌូបៃ (UAE) ប្រទេសនិងអង្គការអន្តរជាតិមួយចំនួនកាលពីថ្ងៃទី ៣ ខែធ្នូ បានសន្យាថានឹងបរិច្ចាគទឹកប្រាក់ចំនួន ៧៧៧ លានដុល្លារអាមេរិក ដើម្បីកំចាត់ចោលជំងឺត្រូពិច ដែលត្រូវបានរំពឹងថានឹងកាន់តែធ្ងន់ធ្ងរ នៅពេលដែលសីតុណ្ហភាពពិភពលោកកំពុងតែកើនឡើង។
យោងតាមការសន្យានោះ ប្រទេសម្ចាស់ផ្ទះនៃ COP២៨ គឺអេមីរ៉ាតអារ៉ាប់រួម (UAE) បានចូលរួមចំណែកទឹកប្រាក់ចំនួន ១០០ លានដុល្លារអាមេរិក ហើយមូលនិធិ Bill and Melinda Gates Foundation ក៏បានបរិច្ចាគ ១០០ លានដុល្លារផងដែរ។ ការរួមវិភាគទានដែលនៅសេសសល់ជារបស់អង្គការនានាក្នុងប្រទេសបែលហ្សិក អាល្លឺម៉ង់ អាមេរិក។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិដើម្បីឆ្លើយតបទៅនឹងបញ្ហាសុខភាព ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
យោងតាមអ្នកជំនាញផ្នែកសុខាភិបាល បន្ទុកនៃជំងឺត្រូពិចនឹងកាន់តែអាក្រក់ទៅៗ នៅពេលដែលភពផែនដីឡើងកំដៅ រួមជាមួយនឹងការគំរាមកំហែងសុខភាពទាក់ទងនឹងអាកាសធាតុ ដូចជាកង្វះអាហារូបត្ថម្ភ គ្រុនចាញ់ និងជំងឺរាគរូស។ ជាក់ស្តែង ការប្រែប្រួលអាកាសធាតុបានបង្កឲ្យមានការកើនឡើងនៃករណីកង្វះអាហារូបត្ថម្ភ គ្រុនចាញ់ និងរាគរូស នៅតំបន់មួយចំនួន។ ជាឧទាហរណ៍ ទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅប្រទេសប៉ាគីស្ថានកាលពីឆ្នាំមុនបានបណ្តាលឱ្យចំនួនករណីជំងឺគ្រុនចាញ់នៅទីនេះ នឡើង ៤០០%។ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhnom Ghebreyus បានព្រមានថា៖ "ចំនួនករណីស្លាប់ដោយសារកំដៅនៅក្នុងមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំបានកើនឡើង ៧៥% នៅទូទាំងពិភពលោកក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ ជារៀងរាល់ឆ្នាំមនុស្ស ៧ លាននាក់បានស្លាប់ដោយសារតែការបំពុលបរិស្ថាន។ ការប្រែប្រួលអាកាសធាតុដោយសារសកម្មភាពមនុស្ស និងការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល បាននាំឱ្យមានការផ្ទុះជំងឺរាគរូសយ៉ាងច្រើននៅជុំវិញពិភពលោក។ ការឡើងកំដៅផែនដីក៏ពង្រីកប្រភេទមូសដែលផ្ទុកមេរោគដ៏គ្រោះថ្នាក់ដូចជា៖ គ្រុនឈាម គ្រុនក្តៅលឿង... នៅក្នុងតំបន់ដែលជំងឺទាំងនេះមិនធ្លាប់មានពីមុនមក”។
ក្រៅពីជំងឺត្រូពិច ការឡើងកំដៅផែនដីក៏បង្កើនភ្លើងឆេះព្រៃ បង្កឱ្យមានធូលីនិងផ្សែងដ៏គ្រោះថ្នាក់សម្រាប់អ្នកដែលមានជំងឺផ្លូវដង្ហើម។ ដូចនៅប្រទេសកាណាដាក្នុងឆ្នាំនេះ កុមារជាច្រើនដែលមានជំងឺហឺតបានស្លាប់ដោយសារស្រូបផ្សែងពីភ្លើងឆេះព្រៃ៕