ពិភពអារ៉ាប់ខកចិត្ត ព្រោះថាសេចក្ដីសម្រេចចិត្តទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យមិនត្រូវបានអនុម័ត
(VOVWORLD) - ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានអះអាងជាថ្មីម្ដងទៀតនូវការគាំទ្ររបស់ប្រទេសនេះចំពោះសិទ្ធិស្វ័យសម្រេច និងការបង្កើតរដ្ឋដោយឡែករបស់ជនប៉ាឡេស្ទីនជាមួយនឹងខ្សែបន្ទាត់ព្រំដែនឆ្នាំ ១៩៦៧ និងរដ្ឋធានីហ្សេរុយសាឡឹមខាងកើត ស្របតាមគំនិតផ្តួចផ្តើមអារ៉ាប់ និងសេចក្ដីសម្រេចចិត្តអន្តរជាតិពាក់ព័ន្ធនានា។
រូបថត៖ រ៉យទ័រ |
នាថ្ងៃទី ១៩ ខែមេសា ប្រទេសអារ៉ាប់នានាបានសម្តែងការខកចិត្តក្នុងពេលដំណាលគ្នានៅពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចអនុម័តលើសេចក្ដីសម្រេចចិត្តទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យ។
ក្នុងសេចក្ដីប្រកាសជាផ្លូវការនៅលើបណ្ដាញសង្គម X ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានសង្កត់ធ្ងន់ថា ការដែលមិនអាចអនុម័តសេចក្ដីសម្រេចចិត្តទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យ នឹងបណ្ដាលឲ្យអ៊ីស្រាអែលបន្តសកម្មភាពរំលោភបំពានច្បាប់អន្តរជាតិ ដោយគ្មានការគំរាមកំញើញព្រមទាំងបណ្ដាលឲ្យមានយថាទស្សន៍នាំមកនូវសន្តិភាពចំពោះតំបន់កាន់តែឆ្ងាយសន្ថឹមៗ។ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានអះអាងជាថ្មីម្ដងទៀតនូវការគាំទ្ររបស់ប្រទេសនេះចំពោះសិទ្ធិស្វ័យសម្រេច និងការបង្កើតរដ្ឋដោយឡែករបស់ជនប៉ាឡេស្ទីនជាមួយនឹងខ្សែបន្ទាត់ព្រំដែនឆ្នាំ ១៩៦៧ និងរដ្ឋធានីហ្សេរុយសាឡឹមខាងកើត ស្របតាមគំនិតផ្តួចផ្តើមអារ៉ាប់ និងសេចក្ដីសម្រេចចិត្តអន្តរជាតិពាក់ព័ន្ធនានា។
នាថ្ងៃដដែល ក្រសួងការបរទេសហ្ស៊កដានីបានចេញសេចក្តីប្រកាសដោយសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដើម្បីទប់ទល់នឹងការដែលអ៊ីស្រាអែលបន្តដកហូតសិទ្ធិស្របច្បាប់របស់ពួកគេ ក្នុងនោះមានសិទ្ធិសេរីភាព និងការបង្កើតរដ្ឋដោយឡែក។ យោងតាមក្រសួងការបរទេសហ្ស៊កដានីបានឲ្យដឹងថា ស្មារតីរួមរបស់សហគមន៍អន្តរជាតិគឺគាំទ្រដំណោះស្រាយរដ្ឋពីរផងដែរ៕