ពិភពអារ៉ាប់ថ្កោលទោសអ៊ីស្រាអែល ដោយអំពាវនាវឱ្យបញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា
(VOVWORLD) - ចាំបាច់ត្រូវបញ្ឈប់ជាបន្ទាន់នូវយុទ្ធនាការវាយលុករបស់កងទ័ពអ៊ីស្រាអែលប្រឆាំងនឹងជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងជំរុញការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ ដើម្បីសន្តិសុខនិងស្ថិរភាពនៅមជ្ឈិមបូព៌ា។ នេះជាសារដែលមេដឹកនាំអារ៉ាប់ជាច្រើនបានសង្កត់ធ្ងន់ជាពិសេសនៅក្នុងសម័យបើកនៃកិច្ចប្រជុំកំពូលអារ៉ាប់លើកទី ៣៣ នារសៀលថ្ងៃទី ១៦ ខែឧសភា នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានអះអាងថា ប្រទេសនេះគាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដែលត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។ ទាក់ទិននឹងជម្លោះនៅតំបន់ហ្គាហ្សា ព្រះរាជទាយាទ Salman បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនសកម្មភាពនិងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឈប់បាញ់ និងបញ្ចប់អរិភាពនៅក្នុងតំបន់នេះ។
កន្លែងកើតហរតុនៃនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN |
ចែករំលែកមតិដូចគ្នា ព្រះមហាក្សត្រហ្សកដានី Abdullah II ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah El Sisi អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ Ahmed Aboul Gheit និងមេដឹកនាំអារ៉ាប់ជាច្រើនទៀតបានអំពាវនាវឱ្យបញ្ឈប់ជម្លោះភ្លាមមួយរំពេច ហើយជំរុញការចរចានិងអនុវត្តដំណោះស្រាយរដ្ឋទាំងពីរ។ មេដឹកនាំអារ៉ាប់ជឿជាក់ថា សហគមន៍អន្តរជាតិត្រូវចាត់វិធានការយ៉ាងខ្លាំងក្លាបន្ថែមទៀត ដើម្បីបញ្ឈប់ការវាយប្រហារឧក្រិដ្ឋកម្មរបស់កងទ័ពអ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន បញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា និងបញ្ចប់ទាំងស្រុងការទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន។ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំកំពូលអារ៉ាប់លើកទី ៣៣ ព្រះមហាក្សត្របារ៉ែន Hamad bin Isa Al Khalifa បានអំពាវនាវឱ្យមានការរៀបចំសន្និសីទអន្តរជាតិស្តីពីសន្តិភាពនៅមជ្ឈិមបូព៌ាដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះនៅតំបន់ហ្គាហ្សា និងផលវិបាកជាច្រើនទៀត៕