ពល​ប្រហារហ្គាបុង​​៖ មេដឹកនាំអាហ្វ្រិកស្វែងរកវិធានការឆ្លើយតប ខណៈ​ដែល​សហគមន៍អន្តរជាតិមាន​ការ​ព្រួយបារម្ភ

(VOVWORLD) - មេដឹកនាំនៃបណ្តាប្រទេសអាហ្វ្រិកកំពុងស្វែងការឆ្លើយតបបន្ទាប់ពីពលប្រហារយោធានៅប្រទេសហ្គាបុង កាលពីថ្ងៃទី ៣០ ខែសីហា ខណៈដែលសហគមន៍អន្តរជាតិបានសម្តែង "ការព្រួយបារម្ភយ៉ាងខ្លាំង" ចំពោះស្ថានភាពក្នុងប្រទេសអាហ្វ្រិកកណ្តាលនេះ។
ពល​ប្រហារហ្គាបុង​​៖ មេដឹកនាំអាហ្វ្រិកស្វែងរកវិធានការឆ្លើយតប ខណៈ​ដែល​សហគមន៍អន្តរជាតិមាន​ការ​ព្រួយបារម្ភ - ảnh 1កងកម្លាំងសន្តិសុខហ្គាបុង ដើរល្បាតតាមដងវិថីនៃរដ្ឋធានី Libreville បន្ទាប់ពីពលប្រហារនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

កាលពីយប់ថ្ងៃទី ៣១ ខែសីហា បន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញរបស់សហភាពអាហ្រ្វិក (AU) អង្គការនេះបានសម្រេចចិត្តផ្អាកទាំងស្រុងនូវការចូលរួមរបស់ហ្គាបុងនៅក្នុងសកម្មភាពរបស់ AU រហូតដល់ពេលដែលសណ្ដាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសនេះត្រូវបានស្តារឡើងវិញ។

នាថ្ងៃទី ៣១ សីហាដែរ សហគមន៍សេដ្ឋកិច្ចអាហ្រ្វិកកណ្តាល (ECCAS) បានចេញសេចក្តីប្រកាសដែលបានអំពាវនាវឱ្យមានការស្តារឡើងវិញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសហ្គាបុង ហើយបានថ្កោលទោសការប្រើប្រាស់កម្លាំងជាមធ្យោបាយដើម្បីដោះស្រាយជម្លោះនយោបាយ។

នៅថ្ងៃដដែលនោះ ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu ដែលកំពង់កាន់តំណែងជាប្រធានសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច (ECOWAS) បានឲ្យដឹងថា លោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំអាហ្រ្វិកផ្សេងទៀត ដើម្បីពិភាក្សាដំណោះស្រាយសម្រាប់ស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់។

ចំណែកឯសហគមន៍អន្តរជាតិវិញ ឧត្តមស្នងការសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខ លោក Josep Borrell បានឲ្យដឹងថា EU មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅក្នុងប្រទេសអាហ្វ្រិកកណ្តាលនេះ។ បច្ចុប្បន្ន អ្នកការទូតអឺរ៉ុបកំពុងព្យាយាមស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនៅក្នុងប្រទេសហ្គាបុង ប៉ុន្តែមិនទាន់មានគម្រោងជម្លៀសពលរដ្ឋចេញពីប្រទេសហ្គាបុង ដូចដែលបានអនុវត្តន៍នៅក្នុងប្រទេសនីហ្សេនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ