ពលរដ្ឋវៀតណាមប្រមាណ ២ សែននាក់នៅបរទេស ត្រូវបានដឹកជញ្ជូនមកប្រទេសវិញប្រកបដោយសុវត្ថិភាព
(VOVWORLD) - តម្រូវការវិលត្រឡប់មកប្រទេសវិញរបស់ពលរដ្ឋវៀតណាមនៅខ្ពស់ណាស់ ដោយសារបុណ្យតេតប្រពៃណីខិតជិតមកដល់ហើយ។
សកម្មភាពដឹកជញ្ជូនពលរដ្ឋ (រូបភាព៖ VNA) |
នារសៀលថ្ងៃទី ៩ ធ្នូ ក្នុងសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេសវៀតណាមតាមទម្រង់អនឡាញនោះ ឆ្លើយសំណួររបស់សារព័ត៌មានអំពីការដែល ជនវៀតណាមនៅឯបរទេសមានតម្រូវការវិលត្រឡប់មកវៀតណាមវិញ ក្នុងឱកាសបុណ្យតេតប្រពៃណីនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា នារយៈពេលកន្លងទៅក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ ស្ថាប័នក្នុងប្រទេស និងស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេសបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ក្រៅប្រទេសមួយចំនួនដើម្បីរៀបចំជើងហោះហើរជាង ៨០០ ជើងដោយដឹកជញ្ជូនពលរដ្ឋវៀតណាមប្រមាណ ២ សែននាក់មកពីប្រទេស និងដែនដីជាង ៦០ វិលត្រឡប់មកប្រទេសវិញ ប្រកបដោយសុវត្ថិភាព។
លោកស្រី Le Thi Thu Hang ក៏បានឲ្យដឹងថា យោងតាមស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេសបានឲ្យដឹងថា តម្រូវការវិលត្រឡប់មកប្រទេសវិញរបស់ពលរដ្ឋវៀតណាមនៅខ្ពស់ណាស់ ដោយសារបុណ្យតេតប្រពៃណីខិតជិតមកដល់ហើយ ហើយពលករ អ្នកទេសចរ និងនិស្សិតវៀតណាមនៅបរទេសមានគោលបំណងវិលត្រឡប់មកប្រទេសវិញ ដោយសារទិដ្ឋាការផុតកំណត់ហើយ។
ទន្ទឹមនឹងនេះ ក្រសួងការបរទេសកំពុងបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ខេត្ត ក្រុងនានាដើម្បីរៀបចំជើងហោះហើរដឹកជញ្ជូនពលរដ្ឋវៀតណាមវិលត្រឡប់មកប្រទេសវិញឲ្យបានសមស្របតាមគោលបំណងរបស់ពលរដ្ឋ ក៏ដូចជាសមស្របនឹងស្ថានភាពជំងឺរាតត្បាត និងសមត្ថភាពធ្វើចត្តាឡីស័កផងដែរ៕