ភាគីនានានៅប៉ាឡេស្ទីនបានយល់ព្រមបង្កើតរដ្ឋាភិបាលរួបរួមជាតិ
(VOVWORLD) - សារព័ត៌មានអ៊ីស្រាអែលកាលពីថ្ងៃទី ២២ ខែកក្កដា បានរាយការណ៍ថានៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង (ចិន) នាថ្ងៃដដែលនោះ ភាគីនានារបស់ប៉ាឡេស្ទីនបានឈានដល់កិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលរួបរួមជាតិដែលរួមបញ្ចូលភាគីនយោបាយទាំងអស់។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនៅចុងបញ្ចប់នៃកិច្ចប្រជុំ តំណាងនៃភាគីប៉ាឡេស្ទីនបានយល់ព្រមបង្កើត រដ្ឋាភិបាលរួបរួមជាតិបណ្តោះអាសន្ន និងបង្រួបបង្រួមស្ថាប័ននៅតំបន់ West Bankនិងតំបន់ហ្គាហ្សា ដោយចាប់ផ្តើមដំណើរការកសាងឡើងវិញនៅតំបន់ហ្គាហ្សា និងត្រៀមរៀបចំការបោះឆ្នោតសកលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រជាជនប៉ាឡេស្ទីនជម្លៀសចេញពីទីក្រុង Khan Younis តំបន់ហ្គាហ្សា កាលពីថ្ងៃទី២ ខែកក្កដា។ រូបថត៖ THX/TTXVN |
ភាគីនយោបាយក្នុងប្រទេសប៉ាឡេស្ទីនបាន “ប្តេជ្ញាបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ ជាមួយទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានី” និង “ធានាការធ្វើមាតុភូមិនិវត្ត” សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ស្របតាមសេចក្តីសម្រេចចិត្តលេខ ១៩៤ របស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយក្នុងឆ្នាំ ១៩៤៨។
កិច្ចប្រជុំនៅទីក្រុងប៉េកាំងបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២០-២២ ខែកក្កដាដោយមានការចូលរួមពីភាគីប៉ាឡេស្ទីនចំនួន ១៤ រួមទាំងក្រុម Fatah (អង្គការដែលកំពុងគ្រប់គ្រងរដ្ឋអំណាចប៉ាឡេស្ទីនបច្ចុប្បន្ន) ចលនាអ៊ីស្លាមហាម៉ាស និងក្រុមជីហាតផងដែរ៕