ភ្ញៀវទេសចរបរទេសយល់ស្របចំពោះការពាក់ម៉ាស់ការពារនៅតាមទីសាធារណៈ

(VOVWORLD) - ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩  (Covid-19) យោងតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលវៀតណាម ចាប់តាំងពីថ្ងៃទី ១៦ ខែមីនា តទៅ ប្រជាជន   វៀតណាមនិងជនបរទេសនៅវៀតណាមត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់នូវការពាក់ម៉ាស់នៅតាមទីសាធារណៈ។ ភ្ញៀវទេសចរទាំងអស់នៅទីក្រុងហាណូយសុទ្ធសឹងតែយល់ស្របតាមបទប្បញ្ញត្តិរបស់ប្រទេសវៀតណាមផងដែរ។
ភ្ញៀវទេសចរបរទេសយល់ស្របចំពោះការពាក់ម៉ាស់ការពារនៅតាមទីសាធារណៈ - ảnh 1 ភ្ញៀវទេសចរបរទេសយល់ស្របចំពោះការពាក់ម៉ាស់ការពារនៅតាមទីសាធារណៈ (រូបថត៖ vov)

នៅតំបន់បឹង Hoan Kiem និងផ្លូវនៅក្នុងរដ្ឋធានីហាណូយ គេបានឃើញថាមានជនបរទេសភាគច្រើនបានពាក់ម៉ាសគ្រប់ៗគ្នា។ ប៉ុន្តែមានភ្ញៀវទេសចរមួយចំនួនបានប្រុងប្រយ័ត្នពាក់ម៉ាស់ចំនួន ២ ដោយពាក់ម៉ាស់ការពារមួយខាងក្នុង និងពាក់ម៉ាស់ក្រណាត់មួយទៀតនៅខាងក្រៅដើម្បីធានាសុវត្ថិភាពផងដែរ។ លោកស្រី Camielle ភ្ញឿវទេសចរបារាំងបានឲ្យដឹងថា៖

« ខ្ញុំពាក់ម៉ាសពីព្រោះនេះគឺជាជំរើសចាំបាច់សម្រាប់ខ្ញុំ។ ប៉ូលីសនៅពេលដែលឃើញអ្នកណាមិនពាក់ម៉ាសគេនឹងមករំលឹក។ យើងខ្ញុំគិតថាការពាក់ម៉ាសគឺល្អសម្រាប់ការពារសុខភាពរបស់ខ្ញុំ ក៏ដូចជាមនុស្សគ្រប់គ្នានៅជុំវិញផងដែរ។»

អស់រយៈពេល ៣ សប្តាហ៍កន្លងមក លោក David Stone ជាភ្ញៀវទេសចរ អង់គ្លេសម្នាក់ ដែលធ្លាប់មានទម្លាប់ពាក់ម៉ាសជាប្រចាំនៅពេលដែលលោកធ្វើដំណើរទៅតាមទីសាធារណៈ។ លោក David បានឲ្យដឹងថាចំពោះមុខស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ការដែលរដ្ឋាភិបាល វៀតណាមបានតម្រូវឲ្យភ្ញៀវទេសចរពាក់ម៉ាស់តាមទីសាធារណៈគឺជាការចាំបាច់និងទាន់ពេលវេលាផងដែរ។ លោកបានចែករំលែកថា៖

«ខ្ញុំគិតថាមនុស្សគ្រប់គ្នា គួរតែមានមនសិកាពាក់ម៉ាស់ ពីព្រោះយើងមិនអាចដឹងថាតើមនុស្សដែលយើងប៉ះពាល់នឹងឆ្លងជំងឺដែរឬអត់។ វៀតណាមគឺជាគោលដៅទេសចរណ៍មានសុវត្ថិភាព ហើយការទប់ស្កាត់និងគ្រប់គ្រងជំងឺឆ្លងនេះក៏ត្រូវបានអនុវត្តយ៉ាងល្អណាស់។ ជាពិសេស រដ្ឋាភិបាលក៏អនុវត្តបានល្អក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានប្រចាំថ្ងៃអំពីជម្ងឺរាតត្បាតនេះ ដល់ប្រជាជនតាមរយៈសារទូរស័ព្ទ និងសារពត៌មាន ខណៈពេលដែលនៅអឺរ៉ុប យើងខ្ញុំត្រូវស្វែងរកព័ត៌មានដោយម្ចាស់ការនៅលើគេហទំព័រនានាតែម្តង។ ហេតុដូច្នេះតាមគំនិតរបស់ខ្ញុំ មនុស្សគ្រប់រូបគប្បីពាក់ម៉ាស់ស្របតាមបទបញ្ញត្តិរបស់រដ្ឋាភិបាលវៀតណាម ជាពិសេសសម្រាប់ភ្ញៀវទេសចរបរទេសផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ