ភ្ញៀវអន្តរជាតិមកវៀតណាមបានកើនឡើងយ៉ាងខ្លាំង សញ្ញាវិជ្ជមាននៃការស្តារឡើងវិញវិស័យទេសចរណ៍
(VOVWORLD) - យោងតាមអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានឲ្យដឹងថា ភ្ញៀវអន្តរជាតិដែលមកកាន់វៀតណាមបានកើនឡើងយ៉ាងខ្លាំងក្នុងខែឧសភា ឆ្នាំ ២០២២ រហូតដល់ ១៧២,៩ ពាន់នាក់ កើនឡើង ៧០,៦% បើប្រៀបធៀបនឹងខែមុន និង១២,៨ ដងច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
Tò he - ប្រភេទនៃប្រដាប់ក្មេងលេងប្រជាប្រិយមួយរបស់វៀតណាម។ រូបថត៖ Tuan Anh - Tuan Hung/TTXVN
|
បើទោះបី នៅតែទាបជាងកម្រិតមុនជំងឺរាតត្បាតក៏ដោយ នេះគឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យទេសចរណ៍ ក្រោយរយៈពេលជិត ៣ខែ ដែលវៀតណាមបានប្រកាសបើកដំណើរការទេសចរណ៍ឡើងវិញយ៉ាងពេញលេញ។ ជាពិសេស ក្នុងអំឡុងពេលប្រព្រឹត្តិទៅស៊ីហ្គេមលើកទី៣១ វៀតណាមគឺជាគោលដៅគួរឲ្យទាក់ទាញចំពោះគណៈប្រតិភូកីឡា មន្ត្រីកីឡា និងភ្ញៀវទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ មកប្រមូលផ្តុំ ប្រកួតប្រជែង និងរីករាយដំណើរទស្សនាទេសចរណ៍នៅវៀតណាម។
ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២២នេះ ទីផ្សារក្នុងតំបន់នៅជុំវិញពិភពលោកបានកើនឡើងយ៉ាងខ្លាំងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ទីផ្សារដែលមានការកើនឡើងច្រើនជាងគេ គឺទ្វីបអាមេរិក ដោយមានភ្ញៀវអន្តរជាតិចំនួន ៤៩.៦៧៥ លើក កើនឡើង ២២,៩ ដង; បន្ទាប់មកគឺតំបន់អឺរ៉ុប និងអាស៊ី។
យោងតាមរបាយការណ៍ថ្មីបំផុតរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) សន្ទស្សន៍សមត្ថភាពអភិវឌ្ឍន៍នៃវិស័យទេសចរណ៍វៀតណាមក្នុងឆ្នាំ ២០២១ ជាប់ចំណាត់ថ្នាក់ទី ៥២ កើនឡើង ៨ថ្នាក់ បើធៀបនឹងឆ្នាំ ២០១៩ ស្ថិតក្នុងចំណោមប្រទេសចំនួន ៣ ដែលមានភាពប្រសើរឡើងបំផុតនៅលើពិភពលោក៕