ភ្លើងឆេះព្រៃនៅ Hawaii ៖ ការខូចខាតខាងសម្ភារៈត្រូវបានប៉ាន់ប្រមាណឡើងដល់ ៦ ពាន់លានដុល្លារអាមេរិក
(VOVWORLD) - កាលពីថ្ងៃទី ១២ ខែសីហា អភិបាលរដ្ឋ Hawaii របស់សហរដ្ឋអាមេរិក លោក Josh Green បានឲ្យដឹងថា ការខូចខាតខាងសម្ភារៈដោយសារភ្លើងឆេះព្រៃគួរឲ្យរន្ធត់នៅក្នុងរដ្ឋនេះកាលពីសប្តាហ៍មុន ត្រូវបានប៉ាន់ប្រមាណឡើងដល់ចំនួន ៦ ពាន់លានដុល្លារអាមេរិក។
ផ្សែងហុយចេញពីភ្លើងឆេះព្រៃ។ រូបថត៖ AFP/VNA |
ថ្លែងមតិនៅពេលចុះពិនិត្យវិថី Front Street នៅកោះរមណីយដ្ឋាន Maui លោក Green បានមានប្រសាសន៍ថា អគ្គីភ័យឆេះព្រៃបានបំផ្លិចបំផ្លាញអាគារយ៉ាងហោចណាស់ ២.២០០ ខ្នង នៅភាគខាងលិចនៃកោះនេះ ដែលក្នុងនោះ ៨៦% ជាផ្ទះសម្បែងរបស់ប្រជាជន។ បច្ចុប្បន្ន អាទិភាពចម្បងរបស់អាជ្ញាធររដ្ឋ Hawaii គឺផ្តល់កន្លែងស្នាក់នៅនិងសេវាកម្មវេជ្ជសាស្រ្តដល់អ្នករស់រានមានជីវិតក៏ដូចជាការកសាងឡើងវិញនិងជំនះពុះពារលើផលវិបាកបន្ទាប់ពីអគ្គីភ័យឆេះព្រៃ។
យោងតាមលោក Green អគ្គីភ័យព្រៃនៅកោះ Maui បានឆក់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់ ៨៩ នាក់ ដែលក្លាយជាគ្រោះមហន្តរាយឆេះព្រៃដែលបណ្តាលឱ្យស្លាប់និងរងរបួសធំបំផុតនៅរដ្ឋ Hawaii ក្នុងរយៈពេលជាង ១០០ ឆ្នាំកន្លងមក ហើយចំនួនអ្នកស្លាប់ទំនងជានឹងបន្តកើនឡើង។
បច្ចុប្បន្ននេះ មិនទាន់កំណត់ពីមូលហេតុនៃអគ្គិភ័យឆេះព្រៃនៅ Maui បានទេ ប៉ុន្តែទីភ្នាក់ងារអាកាសធាតុសហរដ្ឋមេរិកបានចាត់ទុកថា រុក្ខជាតិស្ងួត ខ្យល់បក់ខ្លាំង និងកំរិតសំណើមទាបបានបណ្ដាលឲ្យភ្លើងឆាបឆេះព្រៃ៕
៕