ម៉ិកស៊ិកដំឡើងពន្ធតបតវិញចំពោះដែកថែប និងកសិផលរបស់អាមេរិក
(VOVWORLD) -នាថ្ងៃទី ៥ មិថុនា ក្រសួងសេដ្ឋកិច្ចម៉ិកស៊ិកបានជូនដំណឹងថា៖ ប្រទេសខ្លួននឹងដំឡើងពន្ធគយពី ១៥ - ២៥ ភាគរយចំពោះមុខទំនិញដែកថែប និងមុខទំនិញកលិផលមួយចំនួនរបស់អាមេរិក។
ពលករ ១ នាក់ធ្វើការនៅរោងចក្រ Monterrey របស់ ម៉ិកស៊ិក |
កាយវិការនេះបានធ្វើឡើង បន្ទាប់ ពីម៉ិកស៊ិកបានព្រមានថា៖ប្រទេសខ្លួននឹងតបតវិញចំពោះវិធានការដំឡើងពន្ធគយរបស់ អាមេរិកចំពោះផលិតផលអាលុយមីញ៉ូម និងដែកថែបនាំចូលពីប្រទេសនេះ។ ក្រសួងសេដ្ឋកិច្ចមិកស៊ីកបានប្រកាសបញ្ជីរាយនាមមុខតំនិញដែលដំឡើងពន្ធគយថ្មី ក្នុងនោះដំឡើងពន្ធ ២០ ភាគរយចំពោះសាច់ជ្រូក ផ្លែប៉ោមនិងដំឡូង នាំចូលពីអាមេរិក ព្រមទាំងដំឡើងពន្ធ ២០-២៥ ភាគរយចំពោះមុខទំនិញឈីសនិងស្រាពោត។
មុននេះរដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ិកស៊ិកលោក Ildefonso Guajardo បានប្រកាសថា៖ ម៉ិកស៊ិកអនុវត្តន៍វិធានការដំឡើងពន្ធគយ ដើម្បីតបតវិញ រហូតដល់ពេលណាដែលរដ្ឋាភិបាលអាមេរិកលើកលែងពន្ធនាំចូលចំពោះអាលុយមីញ៉ូម
និងដែកថែប៕