ម្ចាស់មកុដបវរកញ្ញាពិភពលោកវៀតណាមឆ្នាំ ២០២២ បានទៅលើកញ្ញា Huynh Nguyen Mai Phuong
(VOVWORLD) - នាយប់ថ្ងៃទី ១២ ខែសីហា រាត្រីចុងក្រោយនៃការប្រកួតបវរកញ្ញាពិភពលោកវៀតណាមឆ្នាំ ២០២២ - Miss World Vietnam ២០២២ បានប្រព្រឹត្តទៅនៅឯឧបទ្វីប Hai Giang ទីក្រុង Quy Nhon ខេត្ត Binh Dinh។
បេក្ខនារី Huynh Nguyen Mai Phuong មកពីខេត្ត Dong Nai បានក្លាយជាម្ចាស់មកុដបវរកញ្ញាពិភពលោកវៀតណាមឆ្នាំ ២០២២ - Miss World Vietnam ២០២២។ (រូបថត៖ TTXVN) |
បេក្ខនារីទាំង ៣៧ រូបក្នុងរាត្រីផ្តាច់ព្រ័ត្របានឆ្លងកាត់ការប្រកួតសំខាន់ៗចំនួន ៤ រួមមាន៖ អាវផាយប្រពៃណីជាតិ ឈុតហែលទឹក ឈុតរាត្រីសមោសរ និងវគ្គឆ្លើយសំណួរ។ រាត្រីផ្តាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញាពិភពលោកវៀតណាមឆ្នាំ ២០២២ ក៏មានវត្តមានរបស់បវរកញ្ញាពិភពលោកឆ្នាំ ២០២១ Karolina Bielawska ដែលបានផ្តល់សំណួរដល់បេក្ខនារីកំពូល ២នាក់ចុងក្រោយ ក្នុងវគ្គឆ្លើយសំណួរឆ្នាំនេះ។
ដោយវ៉ាដាច់ "គូប្រជែង" ទាំង៣៧នាក់ក្នុងរាត្រីផ្តាច់ព្រ័ត្រ បេក្ខនារី Huynh Nguyen Mai Phuong មកពីខេត្ត Dong Nai បានក្លាយជាម្ចាស់មកុដបវរកញ្ញាពិភពលោកវៀតណាមឆ្នាំ ២០២២ - Miss World Vietnam ២០២២។ បវរកញ្ញាថ្មីនឹងតំណាងឱ្យវៀតណាម ទៅចូលរួមការប្រកួតបវរកញ្ញាពិភពលោក - Miss World ២០២២ ។ កិត្តិនាមបវរកញ្ញារងលេខ១ បានទៅលើបេក្ខនារី Le Nguyen Bao Ngoc មកពីទីក្រុង Can Tho និងកិត្តិនាមបវរកញ្ញារងលេខ ២ បានទៅបេក្ខនារី Nguyen Phuong Nhi មកពីខេត្ត Thanh Hoa៕