មជ្ឈិមបូព៌ា៖អ៊ីស្រាអែលសន្យាមិនវាយប្រហារលើទីតាំងនុយក្លេអ៊ែរនិងប្រេងរបស់អ៊ីរ៉ង់
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលកាលពីយប់ថ្ងៃទី ១៤ ខែតុលា បានដកស្រង់សម្តីរបស់មន្ត្រីអាមេរិកពីររូបដែលបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជូនដំណឹងដល់ប្រធានាធិបតីអាមេរិកលោក Joe Biden ថា អ៊ីស្រាអែលនឹងមិនវាយប្រហារលើទីតាំងនុយក្លេអ៊ែរឬប្រេងរបស់អ៊ីស្រាអែលនោះទេ នៅពេលសងសឹកចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែលកាលពីយប់ ថ្ងៃទី ១ ខែតុលាកន្លងទៅ។
ការសម្រេចចិត្តនេះ សំដៅមិនឲ្យប៉ះពាល់ដល់បេក្ខជននៃគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែវិច្ឆិការខាងមុខ។ គួរកត់សម្គាល់ថា មន្ត្រីអាមេរិកបានឲ្យដឹងថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើអ៊ីរ៉ង់នឹងត្រូវបានធ្វើឡើងមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី ៥ ខែវិច្ឆិកា។
នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធ នាថ្ងៃទី ១៤ តុលា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu កំពុងពិចារណាលើផែនការហ៊ុំព័ទ្ធតំបន់ហ្គាហ្សាភាគខាងជើង រួមទាំងការទប់ស្កាត់ជំនួយមនុស្សធម៌ សំដៅកំទេចពួកសកម្មប្រយុទ្ធរបស់ក្រុមហាម៉ាស។ តាមនោះ ប្រជាជនប៉ាឡេស្ទីនមានរយៈពេល ១ សប្តាហ៍ដើម្បីចាកចេញពីតំបន់ភាគខាងជើង រួមទាំងទីក្រុងហ្គាហ្សា មុនពេលប្រកាសថានេះជាតំបន់យោធាដែលត្រូវបានហ៊ុំព័ទ្ធ។ អ្នកដែលនៅសេសសល់នឹងត្រូវបានចាត់ទុកជាពួកសកម្មប្រយុទ្ធ មានន័យថាពួកគេត្រូវបានកំណត់ជាគោលដៅរបស់កងទ័ពអ៊ីស្រាអែល ហើយមិនត្រូវបានផ្តល់អាហារ ទឹកផឹក ថ្នាំពេទ្យ និងប្រេងឥន្ធនៈនោះទេ។
នាថ្ងៃដដែល មេបញ្ជាការកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់លោក Jean-Pierre Lacroix បានប្រកាសថា កងកម្លាំងរក្សាសន្តិភាពរបស់អ.ស.ប នឹងបន្តឈរជើងក្នុងប្រទេសលីបង់ បើទោះបីជាមានការទាមទារឱ្យផ្លាស់ប្តូរទីតាំងរបស់អ៊ីស្រាអែល ស្ថានភាពសង្រ្គាមឡើងជណ្ដើរ និងទាហានមួកខៀវរបស់អ.ស.ប ចំនួន៥នាក់ រងរបួសក្នុងប៉ុន្មានថ្ងៃថ្មីៗនេះក៏ដោយ៕