មេដឹកនាំកំពូលតាលីបង់បានលេចមុខជាសាធារណៈជាលើកដំបូង
(VOVWORLD) - ការបង្ហាញមុខនេះបានបំបែកការចចាមអារ៉ាមពីមុនអំពីតួអង្គដ៏កំបាំងរបស់ជួរក្រុមតាលីបង់។
Hibatullah Akhundzada មេដឹកនាំកំពូលចលនាតាលីបង់ ដែលកំពុងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន បានលេចមុខជាសាធារណៈលើកដំបូងនៅថ្ងៃទី ៣០ ខែតុលា។ ការបង្ហាញមុខនេះបានបំបែកការចចាមអារ៉ាមពីមុនអំពីតួអង្គដ៏កំបាំងរបស់ជួរក្រុមតាលីបង់។
យោងតាមព័ត៌មានដែលចេញផ្សាយដោយក្រុមតាលីបង់នៅថ្ងៃទី ៣១ ខែតុលា Akhundzada បានជួបជាមួយអ្នកគាំទ្រនៅទីក្រុង Kandahar។ មិនមានព័ត៌មានផ្លូវការ ឬរូបភាពណាមួយនៅលើបណ្តាញសារព័ត៌មានអំពីព្រឹត្តិការណ៍ដែល Akhundzada ទើបតែបានចូលរួមនោះទេ។ ប៉ុន្តែ មានខ្សែអាត់សំឡេងរយៈពេល ១០ នាទីនៅលើបណ្តាញសង្គមរបស់ក្រុមតាលីបង់អំពីជំនួបនេះ។ ខ្លឹមសារនៃខ្សែអាត់សំឡេងនេះបានបង្ហាញថា Akhundzada បានបញ្ជូនសារសាសនាមួយ ជំនួសឱ្យសារនយោបាយទៅវិញ។
Hibatullah Akhundzada បានធ្វើជាប្រមុខក្រុមតាលីបង់កាលពីឆ្នាំ២០១៦ បន្ទាប់ពីអតីតមេដឹកនាំលោក Mullah Akhtar Mansour បានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក៕