មេដឹកនាំស.ប.បកូរ៉េ លោក Kim Jong-un ចេញដំណើរទៅកាន់សហព័ន្ធរុស្ស៊ី
(VOVWORLD) - មេដឹកនាំសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ លោក Kim Jong-un បានចេញដំណើរទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីតាមរថភ្លើង នារសៀលថ្ងៃទី១១ ខែកញ្ញា (ម៉ោងក្នុងតំបន់)។
មេដឹកនាំសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ លោក Kim Jong-un។ រូបថត៖ KCNA |
ប្រព័ន្ធផ្សព្វផ្សាយជាតិនៃស.ប.បកូរ៉េនាព្រឹកថ្ងៃទី ១២ ខែកញ្ញា បានបញ្ជាក់ពីព័ត៌មាននេះ មួយថ្ងៃបន្ទាប់ពីស.ប.បកូរ៉េបានឲ្យដឹងថា លោក Kim Jong-un នឹងធ្វើដំណើរទៅកាន់រុស្ស៊ីយ៉ាងឆាប់ៗ ដើម្បីជួបពិភាក្សាជាមួយសមភាគីលោក Vladimir Putin ។
ទីភ្នាក់ងារព័ត៌មានកណ្តាលនៃស.ប.បកូរ៉េ (KCNA) បានឲ្យដឹងថា លោក Kim Jong-un ត្រូវបានអមដំណើរដោយមន្ត្រីកំពូលនៃគណបក្សពលករនិងកងទ័ពស.ប.បកូរ៉េ។ ទោះជាយ៉ាងណាក៏ដោយ នៅមិនទាន់ដឹងច្បាស់ថា តើនៅពេលណានិងកន្លែងណា ដែលលោក Kim Jong-un និងលោក Putin នឹងធ្វើកិច្ចប្រជុំកំពូលនោះទេ ។ វិមានក្រឹមឡាំងបានឲ្យដឹងថា កិច្ចពិភាក្សារវាងគណៈប្រតិភូស.ប.បកូរ៉េ ជាមួយរុស្ស៊ីគ្រោងនឹងប្រព្រឹត្តិទៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Kim Jong-un។
មុននោះ កាលពីម្សិលមិញ ថ្ងៃទី ១១ ខែកញ្ញា វិមានក្រឹមឡាំងបានឲ្យដឹងថា មេដឹកនាំស.ប.បកូរ៉េ លោក Kim Jong-un នឹងធ្វើទស្សនកិច្ចទៅរុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin៕