មេដឹកនាំអ៊ុយក្រែន បារាំង និងអាល្លឺម៉ង់ ជួបសន្ទនាតាមទូរស័ព្ទដើម្បីពិភាក្សាអំពីយថាទស្សន៍នៃខឿនសន្តិភាព
(VOVWORLD) - នៅថ្ងៃទី ១៧ ខែឧសភា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងប្រធានាធិបតីបារាំង លោក Emmanuel Macron ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky។ (រូបថត៖ AFP/TTXVN) |
នៅលើបណ្តាញសង្គម Twitter លោកប្រធានាធិបតី Zelensky បានឲ្យដឹងថា នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តី Scholz ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពនៅតំបន់ខ្សែជួរមុខ យថាទស្សន៍នៃសន្តិភាព និងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី របស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែន។
ហើយនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងលោក Macron លោកប្រធានាធិបតី Zelensky បានជូនដំណឹងដល់មេដឹកនាំបារាំងរូបនេះ អំពីការវិវឌ្ឍន៍នៃជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ប្រតិបត្តិការជួយសង្គ្រោះទាហានចេញពីរោងចក្រ Azovstal និងចក្ខុវិស័យស្តីពីយថាទស្សន៍នៃការចរចាជាមួយរុស្ស៊ី។ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីជំនួយផ្នែកការពារជាតិសម្រាប់អ៊ុយក្រែន កញ្ចប់ដាក់ទណ្ឌកម្មទី៦ប្រឆាំងនឹងរុស្ស៊ី និងវិធានការដែលអាចអនុវត្តន៍បានដើម្បីនាំចេញកសិផល់របស់អ៊ុយក្រែន។ លើសពីនេះទៅទៀត បញ្ហាផ្គត់ផ្គង់ប្រេងឥន្ធនៈដល់អ៊ុយក្រែន និងពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុប (EU) ក៏ត្រូវបានមេដឹកនាំនៃប្រទេសទាំងពីរពិភាក្សាផងដែរ។
នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន Ukrinform របស់អ៊ុយក្រែនបានដកស្រង់សម្តីរបស់លោក Mykhailo Podolyak សមាជិកនៃគណៈប្រតិភូចរចាអ៊ុយក្រែន ដោយបានប្រកាសថា ប្រទេសនេះនឹងមិនយល់ព្រមលើបទឈប់បាញ់ជាមួយរុស្ស៊ីនោះទេ ប្រសិនបើទីក្រុងម៉ូស្គូមិនដកកងទ័ពចេញ ពីព្រោះរុស្ស៊ីនឹងគ្រប់គ្រងផ្នែកមួយរបស់អ៊ុយក្រែន។ លោកក៏បានច្រានចោលលទ្ធភាពដែលអ៊ុយក្រែននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ស្រដៀងនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុង Minsk ដោយបានចាត់ទុកថា ប្រការនេះនឹងនាំមកនូវការ"បង្កក"ជម្លោះជាបណ្តោះអាសន្នតែប៉ុណ្ណោះ មិនមែនជាសន្តិភាពយូរអង្វែងនោះទេ៕