មតិសាធារណៈពិភពលោកអំពី​រដ្ឋប្រហារនៅ Burkina Faso

(VOVWORLD) - នៅថ្ងៃទី ២៥ ខែមករា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានរិះគន់ការប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់កងទ័ព Burkina Faso ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Roch Kabore ជាសកម្មភាពដែល "មិនអាចទទួលយកបាន" ហើយបានអំពាវនាវឱ្យកងកម្លាំងនេះនៅក្នុងបណ្តាប្រទេសអាហ្វ្រិកខាងលិច ត្រូវតែការពារជនស៊ីវិល ជំនួសឱ្យការដណ្តើមកាន់កាប់អំណាច។
មតិសាធារណៈពិភពលោកអំពី​រដ្ឋប្រហារនៅ Burkina Faso     - ảnh 1អ្នកនាំពាក្យកងទ័ព Burkina Faso រួមជាមួយទាហានប្រទេសនេះ ប្រកាសដកហូតតំណែងប្រធានាធិបតីនៅលើប៉ុស្តិ៍ទូរទស្សន៍ជាតិ។ (រូបថត៖ AFP/TTXVN)

ទាក់ទិននឹងបញ្ហានេះ នៅថ្ងៃទី ២៥ ខែមករា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្កោលទោសចំពោះរដ្ឋប្រហារយោធានៅ Burkina Faso ហើយបានឲ្យដឹងថា ស្ថានការណ៍នៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ បច្ចុប្បន្នស្ងប់ស្ងាត់ហើយ។ លោកប្រធានាធិបតី Macron ក៏បានឲ្យដឹងថា លោកគ្រោងនឹងពិភាក្សាជាមួយមេដឹកនាំក្នុងតំបន់ អំពីស្ថានភាពនៅ Burkina Faso ។

នាថ្ងៃដដែលនេះ អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Ravina Shamdsasan បានអំពាវនាវឱ្យទាហានដែលបានដណ្តើមអំណាចនៅ Burkina Faso ដោះលែងលោកប្រធានាធិបតី Kabore ជាបន្ទាន់ រួមជាមួយនឹងមន្ត្រីកំពូលផ្សេងទៀត។

មុននោះ កងទ័ព Burkina Faso បានប្រកាសពីការដួលរលំប្រធានាធិបតី លោក Roch Kabore ព្យួររដ្ឋធម្មនុញ្ញ រំលាយរដ្ឋាភិបាលនិងរដ្ឋសភា និងបិទព្រំដែននៃប្រទេសអាហ្វ្រិកខាងលិចមួយនេះ។ បច្ចុប្បន្ន ចលនាស្នេហាជាតិសម្រាប់ការពារនិងស្ដារឡើងវិញ (MPSR) ដែលជាឈ្មោះរបស់ក្រុមនាយទាហានក្នុងរដ្ឋប្រហារ ដឹកនាំដោយលោកវរសេនីយ៍ទោ Paul-Henri Sandaogo Damiba កំពុងកាន់អំណាចដើម្បីគ្រប់គ្រងប្រទេស។ MPSR បានឲ្យដឹងថា នឹងបង្កើត "សណ្ដាប់ធ្នាប់រដ្ឋធម្មនុញ្ញ" ឡើងវិញក្នុងពេលវេលាសមស្រប ហើយនឹងដាក់បម្រាមគោចរ ចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៥ ព្រឹកថ្ងៃបន្ទាប់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ