មានអ្នកឆ្លងជំងឺ COVID-19 ជាង ៨,៧ លាននាក់នៅទូទាំងពិភពលោក
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ៨៖ ៣០ ព្រឹកថ្ងៃទី ២០ខែមិថុនា (តាមម៉ោងនៅវៀតណាម) ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 សរុបចំនួន ៨.៧៥៦.៧៥៧ ករណី ដែលក្នុងនោះ ចំនួនអ្នកស្លាប់ច្រើនជាង ៤៦២.៥០០ នាក់។ នាបច្ចុប្បន្ននេះករណីជាសះស្បើយ សរុបមានចំនួនច្រើនជាង ៤,៦ លាននាក់។
សហរដ្ឋអាមេរិកនៅតែជាចំណុចកណ្តាលនៃជំងឺរាតត្បាតនៅលើពិភពលោកដោយមានអ្នកឆ្លងជំងឺជិត ២,៣ លាននាក់ និងមានអ្នកស្លាប់ជាង ១២១.០០០ នាក់ផងដែរ។ ឈរបន្ទាប់ពីសហរដ្ឋអាមេរិក គឺប្រទេសប្រេស៊ីលដែលមានអ្នកឆ្លងជំងឺជាង ១ លាននាក់ និងមានអ្នកស្លាប់ជាង ៤៩.០០០ នាក់។
រីឯនៅអឺរ៉ុប ប្រទេសអង់គ្លេសគឺជាប្រទេសទី ៥ ដែលមានករណីឆ្លងជំងឺច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានចំនួនអ្នកឆ្លងជិត ៣០២.០០០ ករណីខណៈ ដែលអ្នកស្លាប់ដោយជំងឺឆ្លងនេះមានចំនួន ៤២.៤៦១ នាក់។
ជំងឺឆ្លងដ៏កាចសាហាវនេះក៏វិវត្តន៍កាន់តែស្មុគស្មាញនៅទ្វីបអាហ្វ្រិកផងដែរ។ នាថ្ងៃទី ១៩ ខែមិថុនា ប្រទេសអេហ្ស៊ីបបានកត់ត្រាករណីឆ្លងជំងឺចំនួន ១.៧៧៤ ករណីបន្ថែមទៀត ដែលជាការកើនឡើងខ្ពស់បំផុតក្នុងមួយថ្ងៃដែលនាំឱ្យចំនួនករណីសរុបកើនឡើងដល់ ៥២.២១១ ករណី ក្នុងនោះអ្នកស្លាប់មានចំនួនច្រើនជាង ២.០០០ នាក់ផងដែរ៕