មហាសន្និបាតអ.ស.បបានអនុម័តលើសេចក្តីសម្រេចចិត្តដែលវៀតណាមស្នើឡើង ស្តីពីទិវាអន្តរជាតិលេងកម្សាន្ត
(VOVWORLD) - នាថ្ងៃទី ២៥ ខែមីនា នៅទីស្នាក់ការអ.ស.ប ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអ.ស.បបានអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តដែលវៀតណាមបានស្នើឡើង ដោយយកថ្ងៃទី ១១ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាអន្តរជាតិលេងកម្សាន្ត។
គំនិតផ្តួចផ្តើមរបស់វៀតណាមបានទទួលការគាំទ្រពីប្រទេសសមាជិកអ.ស.បទាំងអស់។ ប្រទេសចំនួន ១៣៨ នៅគ្រប់តំបន់បានចូលរួមគាំពារសេចក្តីសម្រេចចិត្តនេះ ដែលក្នុងនោះប៊ុលហ្គារី អែលសាល់វ៉ាឌ័រ ចាម៉ៃកា កេនយ៉ា និងលុចសំបួ គឺជាសហអ្នកនិពន្ធជាមួយវៀតណាម។ UNICEF និងអង្គការ UNESCO បានសូមស្វាគមន៍ចំពោះទិវាអន្តរជាតិដ៏មានអត្ថន័យនេះ ហើយបញ្ជាក់ថានឹងចូលរួមយ៉ាងសកម្មទៅក្នុងសកម្មភាពរំលឹកនានា ក្នុងស្មារតីនៃសេចក្តីសម្រេចចិត្តនេះ។
ទិដ្ឋភាពនៃកិច្ចប្រជុំម។ រូបថត៖ VOV |
ដោយណែនាំសេចក្តីសម្រេចចិត្តនៅចំពោះមុខមហាសន្និបាត ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ.ស.ប លោក Dang Hoang Giang បានលើកឡើងអំពីតួនាទី និងសារៈសំខាន់នៃការលេងកម្សាន្តក្នុងការអភិវឌ្ឍន៍មនុស្ស និងជីវភាពសង្គម; ទន្ទឹមនឹងនោះ រួមចំណែកដល់ការអភិវឌ្ឍន៍ទាំងផ្លូវចិត្តនិងរាងកាយដ៏ទូលំទូលាយរបស់កុមារ ដែលជាជំនាន់អនាគតរបស់មនុស្សជាតិ។ ឯកអគ្គរដ្ឋទូតសង្ឃឹមថា គំនិតផ្តួចផ្តើមនេះនឹងលើកកម្ពស់ការប្តេជ្ញាអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អ.ស.បសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សេចក្តីសម្រេចចិត្តស្តីពីទិវាអន្តរជាតិលេងកម្សាន្តមិនត្រឹមតែជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារនៅទូទាំងពិភពលោកប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យពិសេសសម្រាប់កុមារវៀតណាមទៀតផង។ ការមានទិវាអន្តរជាតិបន្ថែមទៀតនៅខែមិថុនា-"ខែសកម្មភាពសម្រាប់កុមារវៀតណាម" - នឹងធ្វើឱ្យសកម្មភាពការពារសិទ្ធិរបស់កុមារវៀតណាមកាន់តែមានអត្ថន័យនិងជាក់ស្តែង៕