ម៉ាឡេស៊ីអះអាងថា សមុទ្រខាងកើតត្រូវតែជាដែនសមុទ្រសម្រាប់សន្តិភាព និងការតភ្ជាប់
(VOVWORLD) - អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន (ADMM ចង្អៀត) ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី ១០ ខែវិច្ឆិកានោះ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Hishamuddin Hussein បានសង្កត់ធ្ងន់ថា សមុទ្រខាងកើតត្រូវតែជាដែនសមុទ្រសម្រាប់សន្តិភាព និងការតភ្ជាប់។
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Hishamuddin Hussein (ប្រភព៖ freemalaysiatoday) |
យោងតាមរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានឲ្យដឹងថា ការបង្កើនការប្រកួតប្រជែងយុទ្ធសាស្ត្រដែលកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅសមុទ្រខាងកើត កំពុងបង្កឡើងបរិបទសន្តិសុខ ដែលពោរពេញទៅដោយការសាកល្បង ដែលជះឥទ្ធិពលយ៉ាងធំធេងដល់បណ្ដាប្រទេសជាសមាជិកអាស៊ាន។ លោកបានព្រមានថា រាល់បញ្ហាសន្តិសុខក្នុងតំបន់អាចនាំឱ្យមានការត្រិះរិះខុសឆ្គង ហើយអាចបង្កជម្លោះ ប្រសិនបើមិនត្រូវបានដោះស្រាយដោយប្រុងប្រយ័ត្ននោះទេ។
ប្រមុខក្រសួងការពារជាតិម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា សមុទ្រខាងកើតចាំបាច់ត្រូវតែជាដែនសមុទ្រសម្រាប់កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ ពោលគឺមិនមែនជាតំបន់ប្រឈមមុខដាក់គ្នា ឬជម្លោះនោះឡើយ។ លោក Hishamuddin Hussein បានអំពាវនាវឱ្យអាស៊ានធានារាល់គោលដៅ និងគោលការណ៍ក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក៏ដូចជា ក្នុងសេចក្តីប្រកាសស្តីពីតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹតភាព (ZOPFAN) និងកិច្ចព្រមព្រៀងស្ដីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ (SEANWFZ) គឺជាមូលដ្ឋានគ្រឹះ សម្រាប់កសាងអន្តរកម្មក្នុងតំបន់ជាមួយសហគមន៍អន្តរជាតិផងដែរ៕