យានអវកាសស្រាវជ្រាវព្រះអាទិត្យរបស់ឥណ្ឌាបានទៅដល់គោលដៅប្រកបដោយជោគជ័យ
(VOVWORLD) - យានអវកាស Aditya-L1 របស់ឥណ្ឌាដែលកំពុងបំពេញបេសកកម្មស្រាវជ្រាវព្រះអាទិត្យ បានបញ្ចប់ការធ្វើដំណើររបស់ខ្លួន និងទៅដល់គោលដៅចុងក្រោយ គឺជាគន្លងតារាវិថីនៅជុំវិញចំណុច Lagrange L1 នៅថ្ងៃទី ៦ ខែមករា។ នេះជាព្រឹត្តិការណ៍វិទ្យាសាស្ត្រដ៏សំខាន់ថ្មីមួយសម្រាប់ប្រទេសឥណ្ឌា។
យានអវកាស Aditya-L1 របស់ឥណ្ឌា ឈានចូលគន្លងតារាវិថីនៅជុំវិញចំណុច Lagrange L1។ រូបថត៖ ANI |
យានអវកាស Aditya-L1 ដែលត្រូវបានសាងសង់ឡើងដោយអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានបាញ់បង្ហោះទៅកាន់ទីអវកាសកាលពីខែកញ្ញាឆ្នាំមុន ពីមជ្ឈមណ្ឌលអវកាស Satish Dhawan នៅលើកោះ Sriharikota រដ្ឋ Andhra Pradesh ។ បន្ទាប់ពីរយៈពេល ៤ ខែ Aditya-L1 បានបញ្ចប់ការធ្វើដំណើររបស់ខ្លួន ហើយបានឈានដល់គន្លងតារាវិថីនៅជុំវិញចំណុច Lagrange 1 (L1) ដែលមានចម្ងាយប្រហែល ១,៥ លានគីឡូម៉ែត្រពីភពផែនដី។ នៅទីតាំងយុទ្ធសាស្ត្រនេះ Aditya-L1 អាចសង្កេតមើលព្រះអាទិត្យ ដោយមិនត្រូវបានរារាំងដោយសូរ្យគ្រាស ឬការកំបាំងណាមួយឡើយ។ ប្រការនេះអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រសិក្សាពីសកម្មភាពរបស់ព្រះអាទិត្យ និងឥទ្ធិពលរបស់វាទៅលើអាកាសធាតុក្នុងលំហ តាមពេលវេលាជាក់ស្តែង។ តាមការគ្រោងទុក យានអវកាស Aditya-L1 នឹងបំពេញបេសកកម្មរបស់ខ្លួនរយៈពេល ៥ ឆ្នាំខាងមុខ៕