រដ្ឋធានីហាណូយនិងរាជធានីភ្នំពេញជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ
(VOVWORLD) - នាថ្ងៃទី២៥ ខែមិថុនា នៅទីក្រុងហាណូយ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Van Suu បានទទួលជួបជាមួយលោកនាយឧត្តមសេនីយ៍ ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគពិសេសនៃកងយោធពលខេមរៈភូមិន្ទ។
ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN) |
ក្នុងជំនួបនេះ លោក Nguyen Van Suu បានវាយតម្លៃខ្ពស់ ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ដោយបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ ជាសកម្មភាពបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ក្នុងការកសាងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ។ ជាពិសេស រដ្ឋធានីហាណូយកំពុងដំណើរការអភិវឌ្ឍន៍យ៉ាងខ្លាំងលើវិស័យជាច្រើន ហេតុដូច្នេះ ហាណូយត្រៀមជាស្រេច សហការជាមួយបណ្តាតំបន់របស់កម្ពុជាដើម្បីរួមគ្នាអភិវឌ្ឍន៍។
ចំណែកឯ លោកនាយឧត្តមសេនីយ៍ ពូ សាប៊ុតឌី បានមានប្រសាសន៍ថា កងទ័ពនិងប្រជាជនកម្ពុជាតែងតែចងចាំជានិច្ចចំពោះពលីកម្មក៏ដូចជាគុណបំណាចរបស់កង ទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុលពតដើម្បី ឱ្យកម្ពុជាអាចរស់រានមានជីវិតនិងកំពុងអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។ លោកនាយឧត្តមសេនីយ៍ ពូ សាប៊ុត ឌី ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនិងការជួយឧបត្ថម្ភរបស់បញ្ជាការដ្ឋានរដ្ឋធានីហាណូយ ក៏ដូចជាទីក្រុងហាណូយ នាពេលកន្លងមកផងដែរ៕