រដ្ឋាភិបាលបណ្តោះអាសន្នរបស់បង់ក្លាដែស បានស្បថចូលកាន់តំណែង

(VOVWORLD) - រដ្ឋាភិបាលបណ្តោះអាសន្នរបស់បង់ក្លាដែសបានស្បថចូលកាន់តំណែងកាលពីយប់ថ្ងៃទី ៨ ខែសីហា នៅវិមានប្រធានាធិបតីក្នុងរដ្ឋធានី Dhaka ត្រឹមតែ ៣ ថ្ងៃបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ត្រូវបានបង្ខំឱ្យលាលែងពីតំណែង និងចាកចេញពីប្រទេសនេះ ក្នុងបរិបទដែលមានរលកបាតុកម្មហិង្សាកើតឡើងនៅទូទាំងប្រទេស។

ពិធីស្បថចូលកាន់តំណែង ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោកប្រធានាធិបតី Mohammed Shahabuddin។ សាស្ត្រាចារ្យសេដ្ឋកិច្ចវិទ្យា  លោក Muhammad Yunus អាយុ ៨៤ឆ្នាំ ដែលទើបតែវិលត្រឡប់មកពីទីក្រុងប៉ារីស (បារាំង) នៅរសៀលថ្ងៃដដែលនោះ បានស្បថចូលកាន់តំណែងជាប្រធានទីប្រឹក្សា ស្មើនឹងតំណែងជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបណ្តោះអាសន្ន។ អញ្ជើញចូលរួមក្នុងពិធីនេះ មានមន្ត្រីការទូតបរទេស តំណាងអង្គការសង្គមស៊ីវិល សហគ្រិន និងសមាជិកគណបក្សប្រឆាំងកាលពីមុននេះ។

រដ្ឋាភិបាលបណ្តោះអាសន្នរបស់បង់ក្លាដែស បានស្បថចូលកាន់តំណែង - ảnh 1នាយករដ្ឋមន្ត្រីបណ្តោះអាសន្នបង់ក្លាដែស លោក Muhammad Yunus បានស្បថចូលកាន់តំណែងនៅយប់ថ្ងៃទី៨ ខែសីហា នៅចំពោះមុខប្រធានាធិបតី Mohammed Shahabuddin។ រូបថត៖ រ៉យទ័រ

នាយករដ្ឋមន្ត្រីបណ្តោះអាសន្នបង់ក្លាដែស លោក Muhammad Yunus គឺជាសហគ្រិនម្នាក់ ដែលបានចាប់ផ្តើមអាជីពក្នុងវិស័យសង្គម។ លោកគឺជាស្ថាបនិកធនាគារ Grameen ហើយបានទទួលរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ២០០៦ សម្រាប់ការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមតាមរយៈគំនិតផ្តួចផ្តើមមីក្រូឥណទាន។ នៅពេលវិលត្រឡប់មកប្រទេសវិញ លោក Yunus បានអំពាវនាវដល់អ្នកគាំទ្ររបស់លោក និងប្រជាជនបង់ក្លាដែសទាំងអស់ រក្សាភាពស្ងប់ស្ងាត់ និងបញ្ឈប់ស្ថានភាពច្របូកច្របល់។ លោកបានសង្កត់ធ្ងន់ថា “ការទទួលខុសត្រូវដំបូងបង្អស់” របស់លោក និងរដ្ឋាភិបាលបណ្ដោះអាសន្ន គឺធានាឲ្យប្រជាពលរដ្ឋមានសុវត្ថិភាព។

រដ្ឋាភិបាលបណ្តោះអាសន្នរបស់បង់ក្លាដែស មានសមាជិកចំនួន ១៦រូប ដឹកនាំដោយលោក Muhammad Yunus ដោយមានភារកិច្ចចម្បង គឺស្តារឡើងវិញសន្តិភាពនិងសណ្តាប់ធ្នាប់នៅក្នុងប្រទេសនេះ និងត្រៀមរៀបចំសម្រាប់ការបោះឆ្នោតថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ