រដ្ឋាភិបាលប៉ាឡេស្ទីនថ្មី​បើក​សម័យ​ប្រជុំលើក​ដំបូង

(VOVWORLD) - រដ្ឋាភិបាលថ្មីរបស់ប៉ាឡេស្ទីន ដឹកនាំដោយនាយករដ្ឋមន្ត្រី Mohammad Mustafa បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ខ្លួននៅការិយាល័យនាយករដ្ឋមន្ត្រីនៅតំបន់ West Bank ភាគកណ្តាល កាលពីថ្ងៃទី ២ ខែមេសា។

នៅក្នុងកិច្ចប្រជុំនោះ លោក Mustafa បានឲ្យដឹងថា អាទិភាពរបស់រដ្ឋាភិបាលថ្មីនាពេលបច្ចុប្បន្ននេះ រួមមាន "កាត់បន្ថយទុក្ខវេទនារបស់ប្រជាជននៅតំបន់ហ្គាហ្សា និងសម្រេចឲ្យបាននូវស្ថិរភាពហិរញ្ញវត្ថុ អនុវត្តកំណែទម្រង់និងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព នូវកម្មវិធីប្រតិបត្តិការនៃស្ថាប័ននីមួយៗ"។ លោក Mustafa បានបន្ថែមថា រដ្ឋាភិបាលរបស់លោកកំពុងខិតខំប្រឹងប្រែងដើម្បីអំពាវនាវដល់សហគមន៍អន្តរជាតិអនុញ្ញាតឱ្យបញ្ជូនជំនួយមនុស្សធម៌ភ្លាមមួយរំពិចទៅកាន់តំបន់ហ្គាហ្សា សម្រេចបានបទឈប់បាញ់ និងចាប់ផ្តើមការកសាងឡើងវិញ។

រដ្ឋាភិបាលប៉ាឡេស្ទីនថ្មី​បើក​សម័យ​ប្រជុំលើក​ដំបូង - ảnh 1នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន Mohammed Mustafa និងសមាជិករដ្ឋាភិបាលថ្មី ក្នុងពិធីស្បថចូលកាន់តំណែងនៅទីក្រុង Ramallah តំបន់ West Bank ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

យោងតាមលោក Mustafa រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការជួយសង្គ្រោះ នឹងទទួលបន្ទុកកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការរៀបចំប្រតិបត្តិការសង្គ្រោះបន្ទាន់ ជាមួយគ្រប់ស្ថាប័នរដ្ឋ តំបន់ និងអន្តរជាតិ ហើយទន្ទឹមនឹងនោះ បង្កើតសម្ព័ន្ធអង្គការអន្តរជាតិ និងទីភ្នាក់ងារគាំទ្រនានា។

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀត បេសកជនពិសេសរបស់ប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ លោក Riyad Mansour កាលពីថ្ងៃទី ២ មេសា បានឲ្យដឹងថា អាជ្ញាធរប៉ាឡេស្ទីនសង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងធ្វើការបោះឆ្នោត អនុញ្ញាតឱ្យប្រទេសនេះក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីមជ្ឈិមបូព៌ា នៅថ្ងៃទី ១៨ ខែមេសា។ ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះមិនមានការបោះឆ្នោតណាមួយត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ