រដ្ឋាភិបាលវៀតណាមកំពុងព្យាយាមជំរុញការបញ្ចូនវ៉ាក់សាំងមកប្រទេសវិញឱ្យបានឆាប់បំផុតនិងច្រើនបំផុត
(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យក្រុមហ៊ុន AstraZeneca ផ្តោតការយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វៀតណាមដើម្បីទទួលបានវ៉ាក់សាំងបង្ការ កូវីដ ១៩ យ៉ាងតិចចំនួន ១០ លានដូស ចាប់ពីពេលនេះរហូតដល់ដើមខែសីហាឆ្នាំ ២០២១ ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រចាក់វ៉ាក់សាំង និងចាក់ដោយឥតគិតថ្លៃជូនប្រជាជនឲ្យទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh (រូបថត៖ TTXVN) |
នាយប់ថ្ងៃទី ២៩ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយក្រុមហ៊ុន AstraZeneca ដឹកនាំដោយលោក Nitin Kapoor ប្រធានក្រុមហ៊ុន AstraZeneca ទទួលបន្ទុកបណ្តាទីផ្សារអាស៊ី ប្រធាននិងជាអគ្គនាយកក្រុមហ៊ុន AstraZeneca វៀតណាម ដោយពិភាក្សាអំពីការជំរុញដើម្បីបញ្ចូនវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ មកកាន់វៀតណាមឲ្យបានច្រើនបំផុតនិងលឿនបំផុតតាមដែលអាចធ្វើទៅបាន។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យក្រុមហ៊ុន AstraZeneca ផ្តោតការយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វៀតណាម ដើម្បីទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ យ៉ាងតិចចំនួន ១០ លានដូស ចាប់ពីពេលនេះរហូតដល់ដើមខែសីហាឆ្នាំ ២០២១ ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រចាក់វ៉ាក់សាំង និងចាក់ដោយឥតគិតថ្លៃជូនប្រជាជនឲ្យទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រុមហ៊ុន AstraZeneca ធ្វើការសម្របសម្រួល ជំរុញនិងជួយដល់ការផលិតវ៉ាក់សាំងក្នុងប្រទេសនិងបញ្ចុះតម្លៃវ៉ាក់សាំងទៅជូនវៀតណាម។
ចំណែកឯតំណាងក្រុមហ៊ុន AstraZeneca បានឲ្យដឹងថា រហូតមកដល់ពេលនេះនៅជុំវិញពិភព លោក វ៉ាក់សាំងការពារកូវីដ ១៩ គឺមានចំនួនតិចតួចណាស់ដោយសារតែតម្រូវការសកលសម្រាប់វ៉ាក់សាំង ខណៈដែលសមត្ថភាពផលិតវ៉ាក់សាំងរបស់ពិភពលោកនៅមានកម្រិតនៅឡើយ មិនអាចបំពេញតាមតម្រូវការរបស់ប្រទេសទាំងអស់បានទេ។
ថ្វីត្បិតដូច្នេះក៏ដោយ លោក Nitin Kapoor បានសន្យាជាមួយលោកនាយករដ្ឋមន្រ្តី នឹងរាយការណ៍ទៅក្រុមហ៊ុន AstraZeneca ឱ្យផ្តល់អាទិភាពនិងព្យាយាមបញ្ចុះបញ្ចូលឱ្យផ្តល់វ៉ាក់សាំងយ៉ាងតិច ៨ លានដូសជូនវៀតណាមនៅខែកក្កដានិងដើមខែសីហាឆ្នាំ ២០២១។ លោក Nitin Kapoor ក៏បានប្តេជ្ញាធ្វើរបាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចរបស់ AstraZeneca ដើម្បីសិក្សានិងផ្តល់អាទិភាពដល់ការបញ្ចុះតម្លៃវ៉ាក់សាំងល្អបំផុតសម្រាប់ប្រទេសវៀតណាម។ ទន្ទឹមនឹងនោះក្រុមហ៊ុន AstraZeneca នឹងជួយគាំទ្រដល់វៀតណាមក្នុងការផលិតវ៉ាក់សាំងនៅក្នុងប្រទេស បង្កើនការវិនិយោគក្នុងការផលិតថ្នាំចាំបាច់នៅវៀតណាម ដូចជាថ្នាំសម្រាប់ជំងឺមហារីក សរសៃឈាម បេះដូង ពោះវៀននិងថ្នាំមួយចំនួនសម្រាប់កុមារក្រៅពីលើកកម្ពស់កម្មវិធីគាំទ្រដល់វិស័យសុខាភិបាល៕