រដ្ឋាភិបាលអាល្លឺម៉ង់ប្រគល់វ៉ាក់សាំងបង្ការកូវីដ ១៩ AstraZeneca ចំនួន ២,៦ លានដូសជូនវៀតណាម
(VOVWORLD) - អាល្លឺម៉ង់នឹងបន្តប្រកៀកស្មាជាមួយវៀតណាម ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនៃជំងឺរាតត្បាតកូវីដ ១៩។ នាពេលខាងមុខ អាល្លឺម៉ង់នឹងបន្តជួយឧបត្ថម្ភវៀតណាមលើគ្រប់វិស័យ។
ពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ AstraZeneca ចំនួន ២,៦ លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ជូនដល់វៀតណាម (រូបថត៖ ក្រសួងការបរទេស) |
នៅថ្ងៃទី ២៧ ខែកញ្ញា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ AstraZeneca ចំនួន ២,៦ លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ជូនដល់វៀតណាម។
អញ្ជើញថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung បានថ្លែងអំណរគុណដោយស្មោះ ហើយមានគោលបំណងថា លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់នឹងបន្តធ្វើជាសេនាធិការ និងលើកសំណើរជូនរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីជួយឧបត្ថម្ភវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺកូវីដ ១៩ជូនវៀតណាម។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោក Guido Hildner បានបញ្ជាក់ថាអាល្លឺម៉ង់នឹងបន្តប្រកៀកស្មាជាមួយវៀតណាម ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនៃជំងឺរាតត្បាតកូវីដ ១៩។ នាពេលខាងមុខ អាល្លឺម៉ង់នឹងបន្តជួយឧបត្ថម្ភវៀតណាមលើគ្រប់វិស័យ។ លោកឯកអគ្គរដ្ឋទូត Guido Hildner បានសម្តែងជំនឿជាក់ថាដោយមានការប្តេជ្ញាចិត្ត និងវិធានការយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលវៀតណាមនោះ ជំងឺរាតត្បាតកូវីដ ១៩ នឹងត្រូវបានរុញថយក្រោយឲ្យបានឆាប់ៗ ហើយសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូ ដោះដូរពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍រវាងវៀតណាម និងអាល្លឺម៉ង់នឹងត្រូវស្តារឡើងវិញក្នុងពេលឆាប់ៗនេះផងដែរ៕