រដ្ឋមន្ត្រីការបរទេស G7 ថ្កោលទោសអ៊ីស្រាអែលចំពោះការពង្រីកទីលំនៅដ្ឋានក្នុងតំបន់ West Bank
(VOVWORLD) - នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ១១ ខែកក្កដា រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ G7 (រួមមាន: អង់គ្លេស អាមេរិក អាល្លឺម៉ង់ ជប៉ុន បារាំង កាណាដា និងអ៊ីតាលី) បានសង្កត់ធ្ងន់ថា៖ សកម្មភាពពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank រួមទាំងការធ្វើឱ្យស្របច្បាប់នូវតំបន់តាំងទីលំនៅចំនួនប្រាំ ការអនុម័តលើផែនការសាងសង់ផ្ទះថ្មីជិត ៥.៣០០ខ្នង និងការរឹបអូសផ្ទៃដី ១.២៧០ ហិកតានៅក្នុងជ្រលងភ្នំហ្ស៊កដាន គឺមិនស្របតាមច្បាប់សេដ្ឋកិច្ច និងផ្ទុយទៅនឹងបុព្វហេតុនៃការបង្កើតសន្តិភាពនៅក្នុងតំបន់។
ទន្ទឹមនឹងការដាស់តឿនឱ្យរដ្ឋាភិបាលអ៊ីស្រាអែលដកការសម្រេចចិត្តរបស់ខ្លួនស្តីពីការពង្រីកតំបន់តាំងទីលំនៅ សេចក្តីប្រកាសក៏បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ក្រុមប្រទេស G7 ក្នុងការកសាងសន្តិភាពយូរអង្វែង និងនិរន្តរភាពនៅមជ្ឈិមបូព៌ា ដោយផ្អែកលើការអនុវត្តដំណោះស្រាយរដ្ឋពីរ។
ការដ្ឋានសំណង់នៅ Ma'ale Adumim ក្នុងតំបន់ West Bank ។ រូបថត៖ AFP |
កាលពីសប្តាហ៍មុន ប្រទេសសមាជិក G7 ចំនួនពីរគឺ បារាំង និងកាណាដា ក៏បានចេញសេចក្តីប្រកាសដោយថ្កោលទោសយ៉ាងខ្លាំង ការដែលអ៊ីស្រាអែល បានធ្វើឱ្យស្របច្បាប់នូវទីតាំងចំនួន ៥ នៅតំបន់ West Bank ការបង្កើតតំបន់តាំងទីលំនៅថ្មីចំនួនបី និងការរឹបអូសយកតំបន់ដីថ្មីដ៏ធំល្វឹងល្វើយ។ ទាំងនេះជាតំបន់ដែលប៉ាឡេស្ទីនមានបំណងបង្កើតរដ្ឋឯករាជ្យនៅពេលអនាគត៕