រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​និង​អាមេរិក​ ពិភាក្សា​អំ​ពី​បញ្ហា​សន្តិសុខ​

(VOVWORLD) - នៅថ្ងៃទី២១ ខែមករា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងសមភាគីអាមេរិកលោក Antony Blinken បានជួបសន្ទនានៅទីក្រុងហ្សឺណែវ (ស្វីស) លើបញ្ហាមួយចំនួនពាកព័ន្ធនឹងសន្តិសុខ។
រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​និង​អាមេរិក​ ពិភាក្សា​អំ​ពី​បញ្ហា​សន្តិសុខ​ - ảnh 1រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងសមភាគីអាមេរិកលោក Antony Blinken ក្នុងជំនួបនៅទីក្រុងហ្សឺណែវ (ស្វីស) ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ (រូបថត៖AFP/TTXVN)

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីអាមេរិក បន្ទាប់ពីកិច្ចសន្ទនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក S.Lavrov បានឲ្យដឹងថា កិច្ចសន្ទនារវាងប្រទេសទាំងពីរនឹងបន្តពាក់ព័ន្ធទៅនឹងសំណើសន្តិសុខរបស់រុស្ស៊ី ហើយទីក្រុងវ៉ាស៊ីនតោនបានយល់ព្រម នឹងឆ្លើយតបជាលាយលក្ខណ៍អក្សរលើសំណើទាំងនេះ នៅសប្តាហ៍ក្រោយ។ លោក S.Lavrov សង្ឃឹមថា ប្រការនេះអាចជួយបន្ធូរបន្ថយភាពតានតឹងនៅអ៊ុយក្រែន ហើយបានបញ្ជាក់សារជាថ្មីម្តងទៀតថា ទីក្រុងម៉ូស្គូមិនបង្កឡើងការគំរាមកំហែងណាមួយដល់ប្រទេសជិតខាងឡើយ។ យោងតាមរដ្ឋមន្ត្រីការបរទេសលោក Lavrov ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin តែងតែត្រៀមខ្លួនសម្រាប់ជួបប្រាស្រ័យជាមួយសមភាគីអាមេរិកលោក  Joe Biden ប៉ុន្តែពិធីជួបប្រាស្រ័យនេះចាំបាច់ត្រូវរៀបចំឲ្យបានហ្មត់ចត់។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសលោក Blinken បានសង្កត់ធ្ងន់ថា កិច្ចសន្ទនាបានប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់និងជាក់ស្តែង។ ប្រមុខក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននឹងចែករំលែកគំនិតជាលាយលក្ខណ៍អក្សរជាមួយរុស្ស៊ីនៅសប្តាហ៍ក្រោយ ហើយសង្ឃឹមថានឹងមានដំណោះស្រាយការទូតបន្ថែមទៀត ចំពោះវិបត្តិនៅអ៊ុយក្រែន។

នៅក្នុងកិច្ចសន្ទនានេះដែរ ដោយបានពិភាក្សាអំពីបញ្ហានៅអ៊ីរ៉ង់ ភាគីទាំងពីរបានចាត់ទុកថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ គឺជាឧទាហរណ៍មួយ អំពីរបៀបដែលទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន អាចធ្វើការរួមគ្នាចំពោះបញ្ហាសន្តិសុខ។ នៅមានឱកាសជាច្រើន ដើម្បីស្តារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រ ដែលត្រូវបានចុះហត្ថលេខាដោយអ៊ីរ៉ង់ជាមួយមហាអំណាចពិភពលោកកាលពីឆ្នាំ២០១៥៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ