រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសប្រេស៊ីល
(VOVWORLD) - នាព្រឹកថ្ងៃទី ១០ មេសា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទទួល និងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស ប្រេស៊ីល លោក Mauro Vieira ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែមេសា។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលនិងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស ប្រេស៊ីល លោក Mauro Vieira។ (រូបថត៖ baoquocte.vn) |
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានអះអាងថា ដំណើរ ទស្សនកិច្ចរបស់រដ្ឋមន្ត្រី Mauro Vieira មានអត្ថន័យសំខាន់ក្នុងបរិបទដែលឆ្នាំនេះ វៀតណាមនិងប្រេស៊ីលប្រារព្ធខួបលើកទី ៣៥ នៃទំនាក់ទំនងការទូត (១៩៨៩-២០២៤)។ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-ប្រេស៊ីល អភិវឌ្ឍន៍ដោយឈរលើចំណងមិត្តភាពជាប្រពៃណី និងតម្លៃរួមអំពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ វៀតណាមចាត់ទុកប្រេស៊ីលជាដៃគូជួរមុខរបស់ វៀតណាមនៅក្នុងតំបន់អាមេរិកឡាទីន ហើយរំពឹងថាកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគីនឹងកាន់តែជិតស្និទ្ធថែមទៀតនាពេលខាងមុខ តាមផែនទីបង្ហាញផ្លូវដែលថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាកាលពីឆ្នាំមុនក្នុងឱកាសដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី
វៀតណាមលោក Pham Minh Chinh ទៅកាន់ប្រទេសប្រេស៊ីល។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira បានអះអាងថា វៀតណាមជាដៃគូពាណិជ្ជកម្មដ៏សែនសំខាន់របស់ប្រេស៊ីល ហើយប្រេស៊ីលមាន បំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ទាំងក្នុង ក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ លោករដ្ឋមន្ត្រីការបរទេស Mauro Vieira សង្ឃឹមថា វៀតណាមនឹងគាំទ្រប្រេស៊ីលក្នុងឆ្នាំដែលប្រេស៊ីលធ្វើជាប្រធាន G២០ និងសន្និសីទអំពី ការប្រែប្រួលអាកាសធាតុ COP៣០ ដែលរៀបចំឡើងនៅឆ្នាំ២០២៥ នៅប្រេស៊ីល ផងដែរ៕