រដ្ឋមន្ត្រីការបរទេសអាមេរិក និងអ៊ុយក្រែន ជួបពិភាក្សាគ្នានៅប្រទេសអាល្លឺម៉ង់
(VOVWORLD) - នាថ្ងៃទី ១៥ ឧសភា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា លោកបានជួបសមភាគីអាមេរិក លោក Antony Blinken នៅរដ្ឋធានី Berlin ហើយបានបញ្ជាក់ថា “សព្វាវុធ និងជំនួយជាច្រើនទៀតកំពុងតាមផ្លូវទៅកាន់អ៊ុយក្រែន”។
រដ្ឋមន្ត្រីការបរទេសណាតូក្នុងកិច្ចប្រជុំក្រៅផ្លូវការក្នុងក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ (រូបថត៖ AFP/TTXVN) |
នៅថ្ងៃទី ១៥ ខែឧសភា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានជួបជាមួយរដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូនៅទីក្រុងប៊ែរឡាំង ដោយបានរាយការណ៍សង្ខេបអំពីស្ថានភាពជាក់ស្តែងនៅអ៊ុយក្រែន និងរបៀបដែលសម្ព័ន្ធភាពយោធាអាចពង្រឹងការគាំទ្ររបស់ខ្លួនសម្រាប់ប្រទេសអឺរ៉ុបខាងកើត។
មុននោះ នាថ្ងៃទី ១៤ ឧសភា រដ្ឋមន្ត្រីការបរទេសណាតូបានជួបប្រជុំដោយ ផ្តោតសំខាន់លើប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន និង “ទស្សនៈយុទ្ធសាស្ត្រ” ថ្មីរបស់ណាតូ។ កិច្ចប្រជុំនេះក៏មានការចូលរួមពី "ភ្ញៀវពិសេស" ដែលជាតំណាងនៃប្រទេសហ្វាំងឡង់ និងស៊ុយអែតផងដែរ។ យោងតាមក្រសួងការបរទេសអាល្លឺម៉ង់ រដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូបានពិភាក្សាអំពីរបៀបបន្តជួយឧបត្ថម្ភដល់អ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី រួមជាមួយនឹងផលប៉ះពាល់នៃ "ប្រតិបត្តិការយោធាពិសេស" របស់រុស្ស៊ីទៅលើសន្តិសុខរបស់ប្រទេសសមាជិកណាតូ៕