រដ្ឋមន្ត្រីការបរទេសអារ៉ាប់នានា បើកកិច្ចប្រជុំជាបន្ទាន់អំពីសេចក្ដីសម្រេចចិត្តរបស់អាមេរិក
(VOVWORLD) -នាថ្ងៃទី ១៧ ឧសភា រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសម្ព័ន្ធអារ៉ាប់ (AL) បានបើកកិច្ចប្រជុំជាបន្ទាន់នៅទីក្រុងគែររបស់ អេហ្ស៊ីប សំដៅពិភាក្សាអំពីបម្រែបម្រួលថ្មីៗបំផុតនៅប៉ាឡេស្ទីន បន្ទាប់ពីអាមេរិកប្ដូរទីតាំងស្ថានទូតពីអ៊ីស្រាអែលទៅកាន់ យេរូសាឡឹម។
កិច្ចប្រជុំជាបន្ទាន់អំពីសេចក្ដីសម្រេចចិត្តរបស់អាមេរិក |
ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត លោក Adel al-Jubeir បានឲ្យដឹងថា៖ សេចក្ដីសម្រេចចិត្តរបស់អាមេរិកស្ដីពីការប្ដូរទីតាំងស្ថានទូតពី Tel Aviv ទៅកាន់យេរូសាឡឹម គឺជាការមើលស្រាលលើច្បាប់អន្តរជាតិ ហើយមិនអើពើនឹងសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន។ លោកបានព្រមានអំពីផលវិបាកដ៏គ្រោះថ្នាក់ មកពីសេចក្ដីសម្រេចចិត្តរបស់អាមេរិក ខណៈដែលសេចក្ដីសម្រេចចិត្តនេះបានញុះញង់ជនឥស្លាម។ លោក al-Jubeir ក៏បានថ្កោលទោសចំពោះការដែលអ៊ីស្រាអែលសម្លាប់បាតុករាប់សិបនាក់ដែលចូលរួមបាតុកម្មដោយសន្តិវិធីនៅតំបន់ Gaza នាពេលថ្មីៗនេះ។
ក៏នៅក្នុងសម័យប្រជុំនេះ អគ្គលេខាងធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Gheit បានអំពាវនាវឲ្យមានការស៊ើបអង្កេតអន្តរជាតិមួយ អំពី ឧក្រិដ្ឋកម្មរបស់កងកម្លាំងអ៊ីស្រាអែលចំពោះជនប៉ាឡេស្ទីន ក្នុងអំពើហឹង្សាបង្ហូរឈាម ដែលកើតឡើងនៅតាមបណ្ដោយព្រំដែន Gaza ក្នុងសប្ដាហ៍នេះ។
នៅក្នុងសម័យប្រជុំនេះ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនបានស្នើឲ្យបណ្ដាប្រទេសអារ៉ាប់ កោះហៅឯកអគ្គរដ្ឋទូតរបស់ប្រទេសខ្លួនប្រចាំនៅអាមេរិក សំដៅតបតវិញចំពោះការដែលវ៉ាស៊ីនតោនប្ដូរទីតាំងស្ថានទូតប្រចាំនៅអ៊ីស្រាអែលទៅកាន់ យេរូសាឡឹមផងដែរ៕