រដ្ឋមន្ត្រីការពារជាតិឥណ្ឌានឹងធ្វើទស្សនកិច្ចនៅវៀតណាម
(VOVWORLD) - ឥណ្ឌានិងវៀតណាមបានព្រមព្រៀងគ្នាបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៦ ហើយកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងនេះ។
រដ្ឋមន្ត្រីការពារជាតិឥណ្ឌា Rajnath Singh (រូបថត៖ indianewsnetwork) |
ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមិថុនា រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា Rajnath Singh នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang។
ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាគ្រោងនឹងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ជួបពិភាក្សាជាមួយរដ្ឋមន្ត្រី Phan Van Giang និង ជួបសម្តែងការគួរសមប្រធានរដ្ឋលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh។
នៅក្នុងកិច្ចពិភាក្សា រដ្ឋមន្ត្រីទាំងពីររូបនឹងវាយតម្លៃលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរនាពេលកន្លងមក និងពិភាក្សាអំពីគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីពង្រឹងការតភ្ជាប់ក្នុងវិស័យនេះ។ ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោករដ្ឋមន្ត្រី Rajnath Singh នឹងធ្វើជាសាក្សីក្នុងពិធីប្រគល់ទូកល្បាតល្បឿនលឿនចំនួន ១២ គ្រឿងក្នុងកញ្ចប់ឥណទានការពារជាតិ ដែលមានតម្លៃ ១០០ លានដុល្លារអាមេរិក របស់រដ្ឋាភិបាលឥណ្ឌាសម្រាប់វៀតណាម។ គម្រោងនេះគឺជាសមិទ្ធិផលលេចធ្លោបំផុតក្នុងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិរវាងឥណ្ឌា និងវៀត ណាម។
សូមគូសបញ្ជាក់ថា ឥណ្ឌានិងវៀតណាមបានព្រមព្រៀងគ្នាបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៦ ហើយកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងនេះ។ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌាធ្វើឡើងក្នុងឆ្នាំ ដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧២ - ២០២២) និងខួបលើកទី ៧៥ នៃឯករាជ្យភាពរបស់ឥណ្ឌា (១៩៤៧ - ២០២២)៕