រដ្ឋមន្រ្តីការបរទេសអាមេរិក និងចិន ជួបសន្ទនានៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ
(VOVWORLD) - រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken នៅថ្ងៃទី ២៣ ខែកញ្ញាបានជួបជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងសមភាគីចិន លោក Wang Yi ។ ប្រភព៖ AP |
សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស Blinken បានលើកឡើងពីភាពចាំបាច់ ក្នុងការរក្សាបណ្តាញទាក់ទង និងគ្រប់គ្រងទំនាក់ទំនងរវាងអាមេរិក និងចិន ប្រកបដោយការទទួលខុសត្រូវ ជាពិសេសក្នុងអំឡុងពេលដ៏តានតឹង។ រដ្ឋមន្រ្តីការបរទេសលោក Blinken បានសង្កត់ធ្ងន់ថា អាមេរិកប្តេជ្ញារក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ស្របតាមគោលនយោបាយចិនតែមួយ របស់អាមេរិក។ បើតាមលោក Blinken ការការពារសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់គឺជាកត្តាសំខាន់សម្រាប់សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ រដ្ឋមន្រ្តីការបរទេស Blinken ក៏បានរំលឹកឡើងវិញនូវការដែលអាមេរិកថ្កោលទោសវិបត្តិរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយបានលើកច្បាស់នូវផលវិបាក ប្រសិនបើចិនបានគាំទ្ររុស្ស៊ី។ រដ្ឋមន្រ្តីការបរទេសលោក Blinken បានសង្កត់ធ្ងន់ថា អាមេរិកជានិច្ចកាលបើកទូលាយក្នុងកិច្ចសហប្រតិបត្តិការជាមួយចិន លើវិស័យដែលមានអត្ថប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ៕