រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលី នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនដើម្បីចូលរួមក្នុងការប្រជុំក្រុម QUAD
(VOVWORLD) - រដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Marise Payne នឹងទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃក្រុម QUAD (រួមមានប្រទេសអូស្ត្រាលី អាមេរិក ឥណ្ឌានិងជប៉ុន) នៅខែតុលាខាងមុខនេះ។
រដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Marise Payne (រូបថត៖ AP/VOV) |
អ្នកនាំពាក្យក្រសួងការបរទេសអូស្រ្តាលីកាលពីថ្ងៃទី ២០ ខែកញ្ញាបានឲ្យដឹងថា កិច្ចប្រជុំរបស់ក្រុម QUAD គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ដៃគូនានា ដើម្បីរៀបចំនិងសម្របសម្រួលគ្នា លើបញ្ហាជាច្រើន រួមទាំងមានការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩។
ក្នុងកំឡុងពេលនៅប្រទេសជប៉ុន រដ្ឋមន្រ្តីការបរទេសអាមេរិក អូស្ត្រាលី និងឥណ្ឌាក៏គ្រោងនឹងមានជំនួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide ផងដែរ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុម QUAD នឹងធ្វើឡើងនៅដើមខែតុលា ក្នុងបរិបទដែលទំនាក់ទំនងរវាងចិននិងសមាជិកទាំងអស់នៃក្រុមនេះ(រួមមានសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា) កាន់តែតានតឹង។ ក្នុងប៉ុន្មានខែថ្មីៗនេះ ចិននិងឥណ្ឌាមានជម្លោះព្រំដែន។ ទំនាក់ទំនងរបស់ចិនជាមួយជប៉ុន ក៏មានភាពតានតឹង ដែលទាក់ទងនឹងប្រជុំកោះ Senkaku / ទៀវយូ (Diaoyudao)។
ទន្ទឹមជាមួយគ្នានេះដែរ ទំនាក់ទំនងរវាងអាមេរិកនិងចិនក្រៅពីមានជម្លោះកាន់តែស៊ីជម្រៅក្នុងបញ្ហានយោបាយ ពាណិជ្ជកម្មនិងបញ្ហាក្រុមហ៊ុន Huawei នោះ នាពេលថ្មីៗនេះអាមេរិកទើបតែបានហាមឃាត់បណ្តាញសង្គម TikTok របស់ចិន ដែលបណ្តាលឱ្យប្រទេសនេះត្រូវតបតវិញដោយដាក់បញ្ចូលក្រុមហ៊ុនបរទេសមួយចំនួនទៅក្នុង“ បញ្ជីខ្មៅ” តែម្តង។ រីឯទំនាក់ទំនងរវាងចិននិងអូស្ត្រាលីវិញ ក៏កំពុងត្រូវបានគេវាយតម្លៃថាស្ថិតនៅកម្រិតទាបបំផុតក្នុង រយៈពេល ៣ ទសវត្សរ៍មក នៅពេលដែលប្រទេសចិនត្រូវបានចោទប្រកាន់ថាបានជ្រៀតជ្រែកចូលកិច្ចការនយោបាយរបស់អូស្ត្រាលីផងដែរ៕