រដ្ឋសភាពិភាក្សាអំពីសេដ្ឋកិច្ច និងសង្គម

(VOVWORLD) - បន្តកម្មវិធីការងាររបស់សម័យប្រជុំលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី២៤ ខែតុលា នៅទីក្រុងហាណូយ រដ្ឋសភាបានពិភាក្សាជាក្រុមអំពីស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស; លទ្ធផលនៃការអនុវត្តគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុគាំទ្រកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម...។
រដ្ឋសភាពិភាក្សាអំពីសេដ្ឋកិច្ច និងសង្គម - ảnh 1ទិដ្ឋភាពនៃសម័យពិភាក្សានៅក្រុមសមាជិកសភាជាតិ។ រូបថត៖ Ngoc Anh/VOV៥

សមាជិកសភាភាគច្រើនជឿជាក់ថា ទោះបីជាបរិបទពិភពលោក និងតំបន់អស្ថេរដោយសារជម្លោះភូមិសាស្ត្រនយោបាយ សង្គ្រាម និងការប្រកួតប្រជែងពីប្រទេសធំៗក៏ដោយ ក៏ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិក្នុងឆ្នាំនេះនៅតែមានស្ថិរភាព និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង តុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច និងសន្តិសុខសង្គមនៅតែបន្តត្រូវបានធានា។ តាមការព្យាករណ៍  កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះនឹងសម្រេចបានប្រហែល ៥% បើទោះបីជាទាបជាងគោលដៅ ៦,៥% ប៉ុន្តែនៅតែខ្ពស់ បើធៀបនឹងប្រទេសជាច្រើនក្នុងពិភពលោក។

រដ្ឋសភាពិភាក្សាអំពីសេដ្ឋកិច្ច និងសង្គម - ảnh 2លោកស្រី Nguyen Thi Yen សមាជិការសភាខេត្ត Ba Ria - Vung Tau បានធ្វើអត្ថាធិប្បាយ។ រូបថត៖ Ngoc Anh/VOV៥

លោកស្រី Nguyen Thi Yen សមាជិការសភាខេត្ត Ba Ria - Vung Tau បានផ្តល់មតិថា៖ “ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំនេះ និងឆ្នាំក្រោយ ខ្ញុំស្នើឱ្យរដ្ឋាភិបាល និងរដ្ឋសភាយកចិត្តទុកដាក់លើបញ្ហាមួយចំនួនដូចជា៖ ត្រូវក្តាប់យ៉ាងម៉ឺងម៉ាត់នូវស្ថានភាពពិភពលោក និងព្យាករណ៍យ៉ាងខ្ជាប់ខ្ជួននឹង ស្ថានភាពរបស់ប្រទេសជាតិ ពីទីនោះ ត្រូវមានផែនការឆ្លើយតបដែលអាចបត់បែនបាន និងសមស្រប។ មានគោលនយោបាយប្រកបដោយការចុះសម្រុងគ្នានិងមានប្រសិទ្ធភាពរវាងកំណើន និងអតិផរណា រវាងការផ្គត់ផ្គង់ និងតម្រូវការ រវាងអត្រាការប្រាក់ និងអត្រាប្តូរប្រាក់ គោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ។ ម្យ៉ាងវិញទៀត គឺជំរុញការនាំចេញ រក្សាតុល្យភាពពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងឆ្ពោះទៅទីផ្សារថ្មី និងសក្តានុពល ដូចជាទីផ្សារឥណ្ឌា មជ្ឈិមបូព៌ា អាហ្រ្វិក អាមេរិកឡាទីន និងអឺរ៉ុបខាងកើត”។

ខ្លឹមសារនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនឹងត្រូវរដ្ឋសភាលើកយកមកពិភាក្សានៅសាលប្រជុំក្រោយរយៈពេល១សប្តាហ៍ទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ