រដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងលោក Pham Minh Chinh កាន់តំណែងជានាយករដ្ឋមន្ត្រី
(VOVWORLD) - នៅក្នុងសម័យប្រជុំរដ្ឋសភាវៀតណាមដែលបានប្រារព្ធធ្វើឡើង នាសៀលថ្ងៃទី ៥ ខែមេសា សមាជិកសមាជិការសភាបានបោះឆ្នោតជ្រើសតាំងលោក Pham Minh Chinh ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម កាន់តំណែងជានាយករដ្ឋមន្ត្រី ដោយមានសំឡេងគាំទ្រចំនួន ៩៦,២៥%។
សមាជិកការិយាល័យនយោបាយ ប្រធានគណៈចាត់តាំងមជ្ឈឹម លោក Pham Minh Chinh ត្រូវរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (រូបថត៖ VGP/Nhat Bac) |
អញ្ជើញស្បថចូលកាន់តំណែង លោក Pham Pham Chinh បានអះអាងនូវភក្ដីភាពស្មោះត្រង់ដាច់ខាតចំពោះមាតុភូមិ ចំពោះប្រជាជន និងចំពោះរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយខិតខំបំពេញយ៉ាងល្អប្រពៃនូវភារកិច្ចដែលបក្ស រដ្ឋនិងប្រជាជនប្រគល់ជូន។
អញ្ជើញថ្លែងបន្ទាប់ពីពិធីស្បថចូលកាន់តំណែង លោក Pham Minh Chinh បានបញ្ជាក់ថា ការដែលរដ្ឋសភាបោះឆ្នោតជ្រើសតាំងលោកជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាកិត្តិយសមួយ ហើយក៏ជាទំនួលខុត្រូវយ៉ាងខ្លាំង ដែលបក្ស រដ្ឋនិងប្រជាជនប្រគល់ជូនផងដែរ។
“ខ្ញុំបានជ្រាបយ៉ាងជ្រាលជ្រៅថា រដ្ឋាភិបាលនិងសកម្មភាពរបស់រដ្ឋាភិបាលដើរតួនាទីសំខាន់ណាស់ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ និងក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាព ឯកភាពនិងបូរណភាពទឹកដីនៃមាតុភូមិ។ រដ្ឋាភិបាលគឺជាស្ថាប័នរដ្ឋបាលកំពូលរបស់រដ្ឋ ដែលអនុវត្តន៍អំណាចប្រតិបត្តិ ជាស្ថាប័នប្រតិបត្តិនៃរដ្ឋសភា និងតែងតែគោរពតាមរដ្ឋធម្មនុញ្ញនិងច្បាប់។ អស់រយៈពេល ៧៥ ឆ្នាំកន្លងមក ជាពិសេសក្នុងរយៈពេល ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មី រដ្ឋាភិបាលគ្រប់អាណត្តិ សុទ្ធតែទទទួលបានសមិទ្ធិផលដ៏ធំធេងក្នុងរយៈពេលកន្លងមក និងទទួលបានបទពិសោធន៍ យ៉ាងច្រើនសម្រាប់បុព្វហេតុកសាងនិងការពារប្រទេសជាតិ”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh។
អគ្គលេខាបក្សលោក Nguyen Phu Trong, ប្រធានរដ្ឋលោក Nguyen Xuan Phuc, ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងលោក Pham Minh Chinh ក្នុងសម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី ៥ ខែមេសា (រូបថត៖ VGP) |
នៅចំពោះមុខនឹងសំណូមពរបន្តជំរុញកិច្ចការផ្លាស់ប្តូរថ្មីគ្រប់ជ្រុងជ្រោយនិងសមកាលកម្មស្របតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣របស់បក្ស លោកនាយករដ្ឋមន្រ្តីថ្មីក៏បានអញ្ជើញលើកឡើងនូវភារកិច្ចមួយចំនួន ដែលនឹងត្រូវបានរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីអនុវត្តន៍នាពេលខាងមុខ៖ “ទី ១ គឺកសាងកម្មវិធីសកម្មភាពដើម្បីដាក់ពង្រាយអនុវត្តន៍ជាក់ស្តែងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣របស់បក្ស។ ទី ២- បន្តជំរុញការកសាងនីតិរដ្ឋសង្គមនិយម ដែលជារដ្ឋរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន៖ លើកកម្ពស់ស្មារតីយកច្បាប់ជាចម្បង។ ទីបី គ្រប់គ្រង ប្រមូលផ្តុំនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពរាល់ប្រភពធនធានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ទី ៤ ការពារដាច់ខាតឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដី ក៏ដូចជា ធានាការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម។ ជាមួយគ្នានោះ បន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យភាព ម្ចាស់ការ ពហុភាគីនីយកម្មនិងពិពិធកម្ម ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ព្រមទាំងធ្វើសមាហរណកម្មអន្តរជាតិ យ៉ាងស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាព និងជាសមាជិកដែលមានការទទួលខុសត្រូវនិងមានកិត្យានុភាពសម្រាប់សហគមន៍អន្តរជាតិ”។
ជាមួយនឹងភារកិច្ចថ្មី លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ប្តេជ្ញារួមជាមួយសមាជិករដ្ឋាភិបាលដទៃទៀត ដើម្បីបម្រើជាតិមាតុភូមិ បម្រើប្រជាជនទាំងអស់គ្នាដើម្បីផលប្រយោជន៍របស់បក្ស របស់ប្រទេសនិងប្រជាជាតិ៕