រដ្ឋសភាវៀតណាមបញ្ចប់សម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោល

(VOVWORLD) - ក្រោយរយៈពេល ២ ថ្ងៃកន្លះធ្វើការ នាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាវៀតណាមបានបិទសម័យប្រជុំសួរដេញដោលនិងឆ្លើយសំណួរដេញដោលចំពោះសមាជិករដ្ឋាភិបាលក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី ១៥។ មុនពេលប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងសុន្ទរកថាបូកសរុប សម័យសួរដេញដោល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានបង្ហាញរបាយ ការណ៍ពន្យល់និងឆ្លើយសំណួររបស់សមាជិករដ្ឋសភាដោយផ្ទាល់។

រដ្ឋសភាវៀតណាមបញ្ចប់សម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោល - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ឆ្លើយសំណួរដេញដោល។ (រូបថត៖ VOV)
ក្នុងរបាយការណ៍ពន្យល់ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្ខេបនូវលទ្ធផលជាច្រើនអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ប្រមុខរដ្ឋា ភិបាលបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងខិតខំសម្រេចឱ្យបានខ្ពស់បំផុតនូវគោលដៅ និងផែនការក្នុងឆ្នាំ ២០២៣ ដែលក្នុងនោះ កំណើន GDP សម្រេចបានជាង ៥% បង្កើត សន្ទុះសម្រាប់ការអនុវត្តផែនការឆ្នាំ ២០២៤។
ទាក់ទងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងវិស័យគមនាគមន៍ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានមានប្រសាសន៍ថា នៅពេលខាងមុខនេះ រដ្ឋា ភិបាលនឹងដឹកនាំឲ្យមានការចេញផ្សាយស្តង់ដារផ្លូវល្បឿនលឿនក្នុងពេលឆាប់ៗ; ពិនិត្យ និងកៀរគរធនធានវិនិយោគដើម្បីពង្រីកផ្លូវល្បឿនលឿនចំនួន ៥; ខិតខំបំពេញគោលដៅផ្លូវល្បឿនលឿនយ៉ាងហោចណាស់៣.០០០គីឡូម៉ែត្រនៅចុងអាណត្តិ យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស។
អំពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានមានប្រសាសន៍ថា៖ “សេដ្ឋកិច្ចឌីជីថលក្នុងឆ្នាំ ២០២៣ ទទួលបានកំណើន ១៧% ហើយរំពឹងថា នឹងកើនឡើងដល់ ២០% ក្នុងឆ្នាំ២០២៤។ ដូច្នេះ ប្រសិនបើយើងសម្រេចបានកំណើន សេដ្ឋកិច្ចឌីជីថល ២០% នោះ គឺមានន័យថាវៀតណាមបានសម្រេចផែនការ ១ឆ្នាំមុន កាលកំណត់។ រដ្ឋាភិបាលបានចេញផ្សាយកម្មវិធីផ្លាស់ប្ដូរឌីជីថលជាតិ យុទ្ធសាស្ត្រសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល។ រដ្ឋាភិបាលបានបង្កើតគណៈ កម្មាធិការជាតិដឹកនាំការផ្លាស់ប្ដូរឌីជីថល។ ប្រធានបទនៃឆ្នាំនេះគឺទិន្នន័យឌីជីថល ការកសាងមូលដ្ឋានទិន្នន័យជាតិហើយតភ្ជាប់ទិន្នន័យប្រជាជនជាមួយនឹងផ្នែកនិងលំដាប់ថ្នាក់នានា ដើម្បីអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលនៅក្នុងខឿនសេដ្ឋកិច្ច”។
ទាក់ទិននឹងការតម្រង់ទិសគោលនយោបាយកិច្ចការបរទេស លោកនាយករដ្ឋ មន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមអនុវត្តន៍គោលនយោបាយកិច្ចការបរទេស ឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ធ្វើពិពិធកម្ម ពហុភាគីភាវូបនីយកម្ម និងជាមិត្តល្អ ជាដៃគូ ដែលអាចទុកចិត្តបានរបស់ប្រទេសទាំងអស់លើពិភពលោក ព្រមទាំងជាសមាជិក ប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិផងដែរ។
រដ្ឋសភាវៀតណាមបញ្ចប់សម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោល - ảnh 2ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងសុន្ទរកថាបិទសម័យប្រជុំសួរដេញដោល។ (រូបថត៖ VOV)
ថ្លែងសុន្ទរកថាបិទសម័យប្រជុំសួរដេញដោល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា នេះជាលើកដំបូងក្នុងអាណត្តិនីតិកាលទី ១៥ ដែល នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ប្រធានផ្នែកចំនួន ២១ រូប បានឆ្លើយ សំណួរដេញដោលពីសមាជិករដ្ឋសភាដោយផ្ទាល់ ហើយបានឆ្លើយសំណួរដោយស្មោះ ត្រង់ ពន្យល់យ៉ាងយកចិត្តទុកដាក់ ស្រាយបំភ្លឺបញ្ហាជាច្រើន ហើយដាក់ចេញដំណោះ ស្រាយដើម្បីជំនះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ