រដ្ឋសភាវៀតណាមប្រារព្ធសម័យប្រជុំលើកទី ៩ នីតិកាលទី ១៤
(VOVWORLD) - នាព្រឹកថ្ងៃទី ២០ ខែឧសភា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលសម័យប្រជុំលើកទី ៩ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ ត្រូវបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ផ្សាយចេញពីវិមានរដ្ឋសភា (នៃទីក្រុងហាណូយ) ទៅ កាន់ខេត្ត ក្រុង ទាំង ៦៣ លើទូទាំងប្រទេស។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាម លោក Nguyen Phu Trong និងថ្នាក់ដឹកនាំបក្ស រដ្ឋ មួយចំនួនបានចូលរួមក្នុងកិច្ចប្រជុំនេះនៅវិមានរដ្ឋសភា។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងក្នុងពិធីបើកកិច្ចប្រជុំ (រូបថតៈ VGP) |
អញ្ជើញថ្លែងមតិក្នុងពិធីប្រារព្ធសម័យប្រជុំ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹង ថា ឈានចូលឆ្នាំ ២០២០ ជំងឺរាតត្បាត COVID-19 បានផ្ទុះឡើងនិងក្លាយទៅជាជំងឺរាតត្បាតយ៉ាងឆាប់រហ័ស ដែលជះឥទ្ធិពលអវិជ្ជមានដល់រាល់សកម្មភាពសេដ្ឋកិច្ច សង្គមរបស់សកលលោក ក្នុងនោះមានវៀត ណាមតែម្តង។ ចំពោះមុខរាល់ការលំបាកនិងបញ្ហាប្រឈមទាំងនោះ ក្រោមការដឹកនាំរបស់បក្សនិងរដ្ឋសភា រហូតមកទល់នឹងពេលនេះ វៀតណាមបានគ្រប់គ្រងជាមូលដ្ឋាននូវ លជំងឺរាតត្បាត ដោយទប់ស្កាត់បានការរីករាលដាលនៅក្នុងសហគមន៍ និងធានាសុវត្ថិភាព អាយុជីវិតនិងសុខភាពរបស់ប្រជាជន។
ជាមួយគ្នានោះ ដំណោះស្រាយសម្រាប់ឆ្លើយតបនឹងជំងឺរាតត្បាតរបស់វៀតណាមត្រូវបានប្រទេសនិងអង្គការអន្តរជាតិវាយតម្លៃខ្ពស់និងទទួលស្គាល់ថា ជាចំណុចភ្លឺស្វាង ក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំង COVID-19។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងថ្នាក់ដឹកនាំបក្ស រដ្ឋ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ នៅវិមានរដ្ឋសភា (រូបថតៈ VGP) |
“រដ្ឋសភាបានទទួលស្គាល់និងវាយតម្លៃខ្ពស់នូវស្មារតីជំនះពុះពាររាល់ការលំបាក និងការលះបង់របស់ជួរបុគ្គលិកសុខាភិបាល កងទ័ព ប៉ូលីសប្រជាជននិងកងកម្លាំងមុខងារនៅឯខ្សែប្រយុទ្ធជួរមុខដើម្បីបង្ការនិងប្រឆាំងជំងឺរាតត្បាត។ ទន្ទឹមជាមួយគ្នានោះ ជាការគាំទ្រ ការប្រតិបត្តិ និងការចែករំលែករបស់ប្រជា ជនទាំងអស់ ក្នុងការអនុវត្តវិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។ ខ្ញុំជឿជាក់ថា ស្មារតីនោះ នឹងបន្តបានរីកសាយភាយនិងពង្រីកប្រសិទ្ធភាពនៅពេលរដ្ឋសភាពិចារណានិងផ្តល់សេចក្តីសម្រេចចិត្តលើខ្លឹមសារមួយចំនួននៃសម័យប្រជុំនេះ”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រីប្រធានរដ្ឋសភាវៀតណាម។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកឡើងថែមទៀតថា របៀបវារៈនៃសម័យប្រជុំនេះមានខ្លឹមសារសំខាន់ៗជាច្រើន ដែលក្នុងនោះ រដ្ឋសភានឹងពិចារណានិងសម្រេចលើការងារបុគ្គលិក រួមទាំងបញ្ហាសេដ្ឋកិច្ច - សង្គមទៀតផង។ ប្រការគួរកត់សម្គាល់ថា រដ្ឋសភាធ្វើការពិនិត្យនិងអនុម័តលើសន្ធិសញ្ញាអន្តរជាតិចំនួន ៣ រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA); កិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) និងការចូលរួម អនុសញ្ញាលេខ ១០៥ របស់អង្គការពលកម្មអន្តរជាតិ (ILO) ស្តីពីការលុបបំបាត់ពលកម្មដោយបង្ខំ។
ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៩ នៃរដ្ឋសភាវៀតណាម នីតិកាលទី ១៤ ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ២០ ខែឧសភានៅទីក្រុងហាណូយ តាមរយៈប្រព័ន្ធវីដេអូ (រូបថតៈ VGP) |
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ “នេះជារបត់សំខាន់ គូសសញ្ញានូវដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិដែលជាបុព្វបទចាំបាច់ សម្រាប់បង្កើតកាលានុវត្តន៍ភាពដ៏ល្អ សម្រាប់ការនាំចេញរបស់ វៀតណាម ជួយធ្វើពិពិធកម្មទីផ្សារនិងមុខទំនិញនាំចេញ ក៏ដូចជា កសាងមូលដ្ឋានច្បាប់និងការវិនិយោគប្រកបដោយតម្លាភាព ដែលនឹងទាក់ទាញវិនិយោគិនពីសហភាពអឺរ៉ុបនិងប្រទេសដទៃទៀត។ ទន្ទឹមជាមួយគ្នានោះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងដំណើរការប្រតិបត្តិការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងកម្លាំង ពលកម្មនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ក៏ដូចជា បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាប្រទេសសមាជិកអង្គការ ILO ផងដែរ។ ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិទាំងនេះ គឺសមស្របនឹងគោលនយោបាយរបស់បក្សនិងរដ្ឋ វៀតណាម ក្នុងដំណើរការធ្វើ សមាហរ ណកម្មអន្តរជាតិលើវិស័យសេដ្ឋកិច្ច ពលករនិងសង្គម ផងដែរ”។
សូមជម្រាបថា សម័យប្រជុំលើកទី ៩ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ បានប្រាព្ធធ្វើឡើង ហើយគ្រោងនឹងដំណើរការក្នុងរយៈពេល ១៩ ថ្ងៃ។ នេះជាសម័យប្រជុំដោយគ្មានការសួរដេញដោលនិងឆ្លើយសំណួរដោយផ្ទាល់៕