រដ្ឋ​សភាអាមេរិកតែងតែចាត់ទុកវៀតណាមជាដៃគូជួរ​មុខគេមួយក្នុងតំបន់

(VOVWORLD) - នាថ្ងៃទី ១០ ខែតុលា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានទទួលជួបជាមួយគណៈប្រតិភូនៃបណ្តាសមាជិកសភាជាន់ទាបអាមេរិក ដឹកនាំដោយលោក Ami Bera ប្រធានអនុគណៈកម្មការអាស៊ី-ប៉ាស៊ីហ្វិក នៃសភាជាន់ទាបសហរដ្ឋអាមេរិក ក្នុងឱកាសដែលគណៈប្រតិភូបានមកបំពេញទស្សនកិច្ចនៅវៀតណាម។
រដ្ឋ​សភាអាមេរិកតែងតែចាត់ទុកវៀតណាមជាដៃគូជួរ​មុខគេមួយក្នុងតំបន់ - ảnh 1លោក Ami Bera ប្រធានអនុគណៈកម្មការអាស៊ី-ប៉ាស៊ីហ្វិក នៃសភាជាន់ទាបសហរដ្ឋអាមេរិក។ (រូបថត៖ quochoi.vn)

រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះការដែលភាគីទាំងពីរបានបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ក្នុងនោះរួមទាំងរដ្ឋសភាផងដែរ ហើយបានសង្កត់ធ្ងន់លើតម្រូវការបន្តពង្រឹង និងពង្រីកបណ្តាញសមាជិក សភាអាមេរិកដែលតែងតែគាំទ្រវៀតណាម។ រដ្ឋមន្ត្រីលោក Bui Thanh Son បានអះអាងថា វៀតណាមគាំទ្រសហរដ្ឋអាមេរិកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់ សំដៅរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជាលើពិភពលោក។

បណ្តាសមាជិកសភាជាន់ទាបអាមេរិកបានអះអាងថា រដ្ឋសភាអាមេរិកបានចាត់ទុកវៀតណាមជាដៃគូជួរមុខគេមួយក្នុងតំបន់ ហើយបានគាំទ្រប្រទេសវៀតណាមមួយប្រកបដោយរឹងមាំ ឯករាជ្យ និងវិបុលភាព។ សមាជីកសភាជាន់ទាបអាមេរិកបានអះអាងថា នឹងដើរតួនាទីយ៉ាងសកម្មក្នុងការពង្រឹងការឯកភាពក្នុងសភា និងរដ្ឋបាលសហរដ្ឋអាមេរិក លើការជួយជ្រោមជ្រែងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយ វៀតណាម។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការដោះស្រាយផលវិបាកនៃសង្គ្រាមគឺមានសារៈសំខាន់ណាស់ចំពោះដំណើរការសម្រុះសម្រួល ផ្សះផ្សា និងការកសាងទំនុកចិត្តរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាព ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានអត្ថប្រយោជន៍ទៅវិញទៅមក ដូចជាវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពលស្អាត ការកែលម្អបរិយាកាសវិនិយោគ ការថែរក្សាខ្សែសង្វាក់ផ្គត់ផ្គង់។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាដែលតំបន់ និង បញ្ហាអន្តរជាតិមានការយកចិត្តទុកដាក់ដូចគ្នា; ហើយបានឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាមេរិក-អាស៊ាន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ