របបយោធានៅនីហ្សេបើកចំហលទ្ធភាពចរចា- ECOWAS ពិចារណាធ្វើអន្តរាគមន៍យោធានៅនីហ្សេ
(VOVWORLD) - កាលពីម្សិលមិញ (ថ្ងៃទី ១៥ ខែសីហា) របបយោធានៅនីហ្សេបានប្រកាសត្រៀមខ្លួនជាស្រេចចរចា ដើម្បីដោះស្រាយវិបត្តិតំបន់ ដែលបណ្តាលមកពីរដ្ឋប្រហារនៅប្រទេសកាលពីខែមុន។
លោក Ali Mahamane Lamine Zeine នាយករដ្ឋមន្ត្រីដែលត្រូវបានតែងតាំងដោយរបបយោធារបស់នីហ្សេ (រូបថត៖ AFP/VNA) |
លោក Ali Mahamane Lamine Zeine នាយករដ្ឋមន្ត្រីដែលត្រូវបានតែងតាំងដោយរបបយោធារបស់នីហ្សេបាននិយាយថា នីហ្សេកំពុងស្ថិតក្នុងដំណើរការផ្លាស់ប្ដូរ ហើយត្រៀមខ្លួនបើកចំហការសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់ ប៉ុន្តែនីហ្សេក៏ "ចាំបាច់ត្រូវមានឯករាជ្យ" ផងដែរ។ លោក Zeine បានថ្លែងដូច្នេះ ក្រោយដំណើរទស្សនកិច្ចនៅសាធារណរដ្ឋឆាដ ដោយមានជំនួបជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Mahamat Idriss Deby Itno នាថ្ងៃដដែល។
នាថ្ងៃទី ១៥ ខែសីហាដដែលក្រុមមេបញ្ជាការយោធានៃសហគមន៍សេដ្ឋកិច្ចនៃបណ្ដាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) មានផែនការបើកកិច្ចប្រជុំនៅហ្គាណាក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ សីហា ដើម្បីពិភាក្សាអំពីលទ្ធភាពធ្វើអន្តរាគមន៍យោធានៅនីហ្សេ ដើម្បីស្តារអំណាចជូនប្រធានាធិបតីដែលត្រូវបានផ្តួលរំលំគឺលោកMohamed Bazoum ។ មុននេះ ECOWAS បានចេញឱសានវាទដល់របបយោធានៅនីហ្សេ ដោយព្រមានថា នឹងចាត់វិធានការធ្វើអន្តរាគមន៍យោធា ប្រសិនបើក្រុមឧត្តមសេនីយ៍ដែលធ្វើរដ្ឋប្រហារមិនស្តារអំណាចដល់ប្រធានាធិបតីលោក Mohamed Bazoum មុនថ្ងៃទី ៦ ខែសីហា ។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលាកំណត់សម្រាប់ឱសានវាទនេះបានកន្លងផុតទៅហើយ ហើយមេដឹកនាំរដ្ឋប្រហារនៅនីហ្សេ រហូតមកដល់ពេលនេះមិនមានឆន្ទៈក្នុងការចូលរួមកិច្ចចរចាដែលត្រូវបាន សហគមន៍អន្តរជាតិជំរុញ។
ក្នុងព្រឹត្តិការពាក់ព័ន្ធមួយទៀត កាលពីម្សិលមិញ (ថ្ងៃទី ១៥ សីហា) វិមានក្រឹមឡាំងបានឲ្យដឹងថានៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំរបបយោធាម៉ាលីលោក Assimi Goita ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអំពាវនាវឱ្យស្វែងរកដំណោះស្រាយដោយសន្តិវិធីសម្រាប់វិបត្តិនេះ៕