របាយការណ៍ស្តីពីសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុបខ្វះភាពសត្យានុម័តអំពីវៀតណាម
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានមានប្រសាសន៍ថា៖ ទោះបីជារបាយការណ៍នេះឆ្លុះបញ្ចាំងពីសមិទ្ធិផល និងវឌ្ឍនភាពមួយចំនួនរបស់វៀតណាមក្នុងការការពារសិទ្ធិមនុស្ស ក៏ ដោយ ប៉ុន្តែគួរឲ្យស្តាយនៅតែបន្តមានការវាយតម្លៃខ្វះភាពសត្យានុម័ត ដោយផ្អែកលើព័ត៌មានមិនពិត និងឆ្លុះបញ្ចាំងមិនត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែងនៅវៀតណាម។
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេស (រូបភាព៖ ក្រសួងការបរទេស) |
នារសៀលថ្ងៃ ទី ៦ មិថុនា ក្នុងសន្និសីទកាសែតប្រចាំសប្តាហ៍របស់ក្រសួងការបរទេសនៅទីក្រុងហាណូយ អញ្ជើញឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីរបាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់សហភាពអឺរ៉ុបស្តីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងពិភពលោក (EU) ដែលក្នុងនោះមានខ្លឹមសារឆ្លុះបញ្ចាំងពីស្ថានភាពសិទ្ធិមនុស្សរបស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានមានប្រសាសន៍ថា៖ ទោះបីជារបាយការណ៍នេះឆ្លុះបញ្ចាំងពីសមិទ្ធិផល និងវឌ្ឍនភាពមួយចំនួនរបស់ វៀតណាមក្នុងការការពារសិទ្ធិមនុស្សក៏ដោយ ប៉ុន្តែគួរឲ្យស្តាយនៅតែបន្តមានការវាយតម្លៃខ្វះភាពសត្យានុម័ត ដោយផ្អែកលើព័ត៌មានមិនពិត និងឆ្លុះបញ្ចាំងមិនត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែងនៅវៀតណាម។ ដូចដែលបានបញ្ជាក់ម្តងហើយម្តងទៀត ការពារនិងលើកកំពស់សិទ្ធិមនុស្ស គឺជាគោលនយោបាយខ្ជាប់ខ្ជួនរបស់រដ្ឋវៀតណាម។ វៀតណាមតែងតែចាត់ទុកប្រជាជនជាមជ្ឈមណ្ឌល និងជាកម្លាំងជំរុញនៃដំណើរការនវានុវត្តន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ វៀតណាមតែងតែខិតខំដើម្បីគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងសិទ្ធិទទួលផលរបស់ប្រជាជន។ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានត្រូវបានទទួលស្គាល់នៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ ហើយធានាការគោរពក្នុងការអនុវត្តជាក់ស្តែង។ ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ និងបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់។ ទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង EU កំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ វៀតណាមជឿជាក់ថា ការបង្កើនការផ្លាស់ប្តូរ និងកិច្ចសន្ទនាតាមរយៈយន្តការសហប្រតិបត្តិការដែលមានស្រាប់នឹងជួយ EU មានព័ត៌មានសត្យានុម័ត និងយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការលើកកម្ពស់ និងធានាសិទ្ធិមនុស្សនៅវៀតណាម។ តាមរយៈនោះ ក៏រួមចំណែកជំរុញទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុបផងដែរ៕