រំលឹកខួប ១០ឆ្នាំនៃការបាត់ខ្លួនរបស់យន្ត​ហោះ MH៣៧០ - ម៉ាឡេស៊ីសន្យា​បន្តការ​ស្វែងរកឡើងវិញ

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងគមនាគមដឹកជញ្ជូនម៉ាឡេស៊ីលោក Anthony Loke កាលពីថ្ងៃទី ៣ ខែមីនា បានឲ្យដឹងថា រដ្ឋាភិបាលម៉ាឡេស៊ីបានសន្យាថា នឹងជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តការស្វែងរកយន្តហោះម៉ាឡេស៊ី MH៣៧០។

ថ្លែងក្នុងពិធីរំលឹកខួប១០ឆ្នាំនៃការបាត់ខ្លួនរបស់យន្តហោះ MH៣៧០  រដ្ឋមន្ត្រីក្រសួងគមនាគមដឹកជញ្ជូនម៉ាឡេស៊ីបានបញ្ជាក់ថា វត្តមានរបស់លោកនៅក្នុងព្រឹត្តិការណ៍នេះបានង្ហាញពីសាមគ្គីភាព និងការចែករំលែករបស់រដ្ឋាភិបាលម៉ាឡេស៊ីចំពោះក្រុមគ្រួសារជនរងគ្រោះ។ លោក Anthony Loke បានឲ្យដឹងថា លោកនឹងបញ្ចុះបញ្ចូលគណៈរដ្ឋមន្ត្រីឱ្យចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Ocean Infinity ដើម្បីបន្តយុទ្ធនាការស្វែងរក។ រដ្ឋាភិបាលម៉ាឡេស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាជាមួយក្រុមហ៊ុន Ocean Infinity អំពីសំណើរ "រកមិនឃើញ មិនគិតថ្លៃសេវា" ។

រំលឹកខួប ១០ឆ្នាំនៃការបាត់ខ្លួនរបស់យន្ត​ហោះ MH៣៧០ - ម៉ាឡេស៊ីសន្យា​បន្តការ​ស្វែងរកឡើងវិញ - ảnh 1ផ្នែកមួយនៃយន្តហោះ MH៣៧០ ត្រូវបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍រំលឹកដល់ជនរងគ្រោះដែលបានបាត់ខ្លួនកាលពីថ្ងៃទី ៣ ខែមីនា។ រូបថត៖ Hang Linh - TTXVN 

នាថ្ងៃទី ៣ មីនា ញាតិមិត្តជនរងគ្រោះនិងអ្នកគាំទ្រប្រហែល ៥០០នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង Kuala Lumpur ដើម្បីរំលឹកខួប ១០ឆ្នាំនៃព្រឹត្តិការណ៍នេះ។ សាច់ញាតិជនរងគ្រោះជាច្រើននៅតែទទូចឲ្យរដ្ឋាភិបាលម៉ាឡេស៊ីបន្តសកម្មភាពស្វែងរក។

នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៤ ជើងហោះហើរលេខ MH៣៧០ ដែលផ្ទុកអ្នកដំណើរចំនួន ២៣៩នាក់បានបាត់ខ្លួនពីអេក្រង់រ៉ាដា ខណៈដែលកំពុងធ្វើដំណើរពីទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) ទៅកាន់ទីក្រុងប៉េកាំង (ចិន)។ អ្នកជំនាញភាគច្រើនជឿជាក់ថា MH៣៧០ បានធ្លាក់នៅភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា។ ទោះជាយ៉ាងណាក៏ដោយ ស្ទើរតែរកមិនឃើញស្លាកស្នាមណាមួយរបស់យន្តហោះនោះទេ ទោះបីជាយុទ្ធនាការស្វែងរកអូសបន្លាយរយៈពេលជាង ៣ ឆ្នាំ និងចំណាយយ៉ាងហោចណាស់ ២០០លានដុល្លារអាមេរិកក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ