រំលឹកខួបលើកទី ៥០ នៃអនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក
(VOVWORLD) - នាព្រឹកថ្ងៃទី ៦ ខែកញ្ញា នៅខេត្ត Ninh Binh បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ៥០ នៃអនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក ក្រោមប្រធានបទ៖ “៥០ ឆ្នាំខាងមុខ៖ បេតិកភណ្ឌពិភពលោក - ប្រភពធនធានសម្រាប់ភាពខ្លួនទីពឹងខ្លួន មនុស្សសាស្ត្រ និងការច្នៃប្រឌិត។
ពិធីរំលឹកខួបលើកទី ៥០ នៃអនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។ (រូបថត៖ daibieunhandan.vn) |
ប្រធានរដ្ឋសភាលោក Vuong Dinh Hue រួមជាមយយអគ្គនាយិការអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ UNESCO លោកស្រី Audrey Azoulay និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសដែលមានស្ថាប័នតំណាងប្រចាំនៅវៀតណាម-សមាជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានអញ្ជើញចូលរួមកម្មវិធីនេះ។
ថ្លែងមតិនៅពិធី រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Van Hung បានឲ្យដឹងថា ការងារសាងសង់និងអនុវត្តផែនការគ្រប់គ្រង រៀបចំផែនការនិងវិនិយោគ ជួយឧបត្ថម្ភថវិកានៅបេតិកភណ្ឌពិភពលោកក្នុងប្រទេសវៀតណាមជានិច្ចកាលត្រូវបានរដ្ឋសភា រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាមយកចិត្តទុកដាក់។ បេតិកភណ្ឌពិភពលោកនៅវៀតណាមត្រូវបានជួសជុល ស្តារឡើងវិញ និងប្រឆាំងនឹងការទ្រុឌទ្រោម ហើយបានអភិរក្សតម្លៃលេចធ្លោជាសកល ភាពពិតជាក់ស្តែងនិងបូរណភាពក្នុងទិសដៅនិរន្តរភាព។ ប្រភពធនធានដើម្បីការពារបេតិកភណ្ឌពិភពលោកត្រូវបានផ្តល់អាទិភាព កៀងគរជាអតិបរមា សហគមន៍នៅតាមមូលដ្ឋានទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ ពីសកម្មភាពទេសចរណ៍និងសេវាកម្មនៅបេតិកភណ្ឌពិភពលោក។
“ក្រសួងវប្បធម៌កីឡានិងទេសចរណ៍រួមជាមួយមូលដ្ឋាននានាកំពុងផ្តោតលើការអនុវត្តគោលដៅសកល ស្តីពីការពង្រឹងការការពារនិងធានាសុវត្ថិភាពសម្រាប់បេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវបានអង្គការ UNESCO ចុះបញ្ជីនៅក្នុង “ផែនការសកម្មភាពជាតិសម្រាប់ការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” ឆ្ពោះទៅការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិនិងគោលនយោបាយរបស់អង្គការ UNESCO ស្តីពីការបញ្ចូលទស្សនៈអភិវឌ្ឍន៍ប្រកបដោយចីរភាពទៅក្នុងដំណើរការនៃអនុសញ្ញាបេតិកភណ្ឌពិភពលោក”៕